បើកបរលឿនខ្វះការប្រុងប្រយត្ន័ បានទៅប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតស្របទិសគ្នា ហើយបន្តជ្រុលទៅបុកជាមួយរានទេវតាមុខផ្ទះប្រពលរដ្ឋយ៉ាងពេញទំហឹង ខ្ទាតចូលផ្ទះ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ បើកបរលឿនខ្វះការប្រុងប្រយត្ន័ បានទៅប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតស្របទិសគ្នា ហើយបន្តជ្រុលទៅបុកជាមួយរានទេវតាមុខផ្ទះប្រពលរដ្ឋយ៉ាងពេញទំហឹង ខ្ទាតចូលផ្ទះ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅក្បែរចំណុចផ្លូវចុះចំណោត ផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជនដែលស្លាប់មានឈ្មោះ ធាន សីណា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រិច ឃុំច្រេះស ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E-9132 ។ ចំណែកជនរងគ្រោះរបួសធ្ងន់មានឈ្មោះ គឹម លី ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបជាងម៉ាសីនត្រជាក់ ជិះម៉ូតូម៉ាកស៊ុយ សាគីស្មាស់ ពាក់ស្លាកលេខ សៀមរាប 1E-8424 មានស្រុកកំណើតនៅភូមិជាមួយគ្នា ក្បែរគ្នា ដោយធ្វើដំណើរស្របទិសគ្នាពីលិចមកកើត តាមបណ្តោយផ្លូវ៣៧១ លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូហុងដាសេ១២៥ បានប៉ះដៃចង្កូតជាមួយម៉ូតូម៉ាកស៊ុយសាគីស្មាស់ បន្តជ្រុលមកបុកជាមួយរានទេវតា ផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹងបាក់ខ្ទេច​រួចផ្លោងជនរងគ្រោះខ្ទាតចូលផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសមធ្យម ត្រូវបានប្រជាពលរដ្ឋហៅរថយន្តពេទ្យសួគាដឹកជនរងគ្រោះទាំង២នាក់ខាងលើ យកទៅជួយសង្គ្រោះបន្ទាន់នៅពហុព្យាបាលសួគា តែជាកុសលជនរងគ្រោះម្នាក់ស្លាប់ក្រោយពីទៅដល់មន្ទីរពេទ្យទៅហើយ ចំណែកម្នាក់ទៀតរបួសធ្ងន់កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយក្រុមគ្រួសារភាគីទាំងសងខាងមិនបានប្តឹងផ្តល់គ្នានោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង