បុរស​ម្នាក់​ដែល​ញុះញង់​តាមរយៈ​វីដេអូ​ឃ្លី​ប​ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​តាម​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ញុះញង់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាមរយៈ​វីដេអូ​ឃ្លី​ប​របស់ខ្លួន លើ​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​

​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​បង្ហាញថា ជនសង្ស័យ​មានឈ្មោះ កូយ សំអាត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខ​របរ​អ្នកលក់​ទំនិញ​តាម Online និង​ជា​អ្នក​ជល់​មាន់​។

​បុរស​រូបនេះ​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់ខ្លួន​នៅលើ Account Facebook ឈ្មោះ «Tep Visal» យ៉ាងដូច​ច្នេះ​ថា «​យើងទាំងអស់គ្នា​គួរតែ​អរគុណ​យួន​ទៅ​កុំ​តែ​បាន​យួន​ស្រែកថា ប្រទេស​កម្ពុ​ជាមាន​កូ​វីដ​-១៩ ឬ​វីរុស​កូ​រ៉ូ​ណា​ទេ កុំ​អី​ប្រជាជន​ទូទាំងប្រទេស​អត់​ដឹងថា ប្រទេស​កម្ពុ​ជាមាន​កូ​វីដ​-១៩ ឬ​វីរុស​កូ​រ៉ូ​ណា​ទេ អីចឹង​យើង​គួរតែ​អរគុណ​យួន នេះ​សំណាង​ហើយ​ដែល​យួន​ស្រែក ថា​ប្រទេស​កម្ពុ​ជាមាន​កូ​វីដ​-១៩ ឬ​វីរុស​កូ​រ៉ូ​ណា បើ​ប្រជាជន​ធម្មតា​ស្រែក​វិញ​ប្រហែលជា​តាម​ចាប់​ទៀតហើយ​»​។​

​ក្រោយ​បង្ហោះ​វីដេអូ​ឃ្លី​ប​ខាងលើនេះ សមត្ថកិច្ច​បានចាត់ទុក​ថា ជា​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ពាក់ព័ន្ធ​នឹង COVID-19 រហូត​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​តែម្តង​។​
​ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ទោសកំហុស​ថា ខ្លួន​ពិតជា​បាន​និយាយ និង​បង្ហោះ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​មែន​។ បន្ទាប់ពី​ការសួរនាំ​រួចមក​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៀត​៕

អត្ថបទដែលជាប់ទាក់ទង