កម្មករសំណង់លើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់មកក្រោមរងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់

ភ្នំពេញ៖ មានករណីកម្មករសំណង់លើកក្តារចាក់ពុម្ពសសរប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្តាលឲ្យឆក់ធ្លាក់ចុះក្រោមរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋក្បែរនោះនាំគ្នាជួយបញ្ជូនទៅសង្គ្រោះនាវេលាម៉ោង ៩និង៥០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចក្នងការដ្ឋានសង់ផ្ទះមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជាមួយគ្នានោះដែរ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវឧកញ៉ាឌួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មូលហេតុដោយសារមានកម្មករសំណង់ លើកក្តារចាក់ពុម្ពសសរប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV)។

ក្នុងនោះដែរ ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា បានធ្វើការយកក្តារចាក់ពុម្ពសសរចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០៖២៥នាទីព្រឹក។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង