សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ ឆ្លងជំងឺនេះ

សៀមរាប៖ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយពាក់ព័ន្ធបញ្ហាជំងឺ Covid-19 នៅខេត្តសៀមរាប ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅម៉ោង ៦ល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីចៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ​ ឆ្លងជំងឺនេះ។

សូមបញ្ជាក់ថា ជនជាតិខ្មែរដែលឆ្លងនូវវីរុសកូរ៉ូណា ឬCovid-19 នេះ ជាបុរសម្នាក់ អាយុ៣៨ឆ្នាំ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី Covid-19 ចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ ខណៈអ្នកផ្សេងទៀតមានសុខភាពល្អធម្មតា ហើយពេលនេះ អង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមការងាររបស់ខ្លួនទៅកាន់ខេត្តសៀមរាបដើម្បីស៊ើបអង្កេតបន្ថែមចំពោះបុរសខ្មែរម្នាក់មានអាយុ៣៨ឆ្នាំដែលបានឆ្លងមេរោគកូរ៉ូណាឬCovid-19 នោះហើយ។

សូមបញ្ជាក់ថា ថ្មីៗនេះក្រសួងសុខាភិបាល ក៏ដូចជានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានរកឃើញមនុស្ស៤នាក់ ប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុន ដែលផ្ទុក Covid-19 ហើយត្រូវបានដាក់ដាច់ដោយឡែកពីគេ នៅចត្តាឡឺស័ក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈមនុស្ស៤០នាក់ គឺប៉ះពាល់ដោយប្រយោល ហើយក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរក៏បាននិងកំពុងស្វែងរកអ្នករត់កង់បី ដែលឌុបបុរសជនជាតិជប៉ុននោះទៅពិនិត្យនៅគ្លីនិកមួយក្នុងខេត្តសៀមរាប នោះផងដែរតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបំពាក់តាមដងផ្លូវនានា មិនតែប៉ុណ្ណោះក្រសួងសុខាភិបាល ក៏កំពុងស្វែងរកអ្នកដែលធ្លាប់ទាក់ទងជាមួយបុរសជនជាតិជប៉ុននោះដែរ ៕

អត្ថបទដែលជាប់ទាក់ទង