សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ព័ត៌មានមិនពិត របស់ជនខិលខូចមួយចំនួនក្នុងបណ្តាញសង្គម មានចេតនាអាក្រក់បង្ខូចបំពុលសង្គមជាតិយើង

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ទាំងស្រុងថា ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំពិតជារីករាយប្រកបដោយជំនឿទុកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលមានការយល់ដឹងកាន់តែខ្ពស់អំពីការថែរក្សានិងសំអាតអនាម័យដើម្បីសុខភាពផ្ទាល់ខ្លួននឹងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើអោយសុខភាពកាន់តែល្អរឹងមាំ។

ដូចបងប្អូនជនរួមជាតិបានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះគឺចូលរួមជាមួយសហគមអន្តរជាតិប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់កុំអោយជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាលនឹងជម្រាបជូនព័ត៌មានជាសាធារណៈដល់បងប្អូនមិនខាន។

អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលចូលរួមទប់ស្កាត់ ព័ត៌មានមិនពិត ដោយជនខិលខូចមួយចំនួន ក្នុងបណ្តាញសង្គមដែលមានចេតនាអាក្រក់បង្ខូចបំពុលសង្គមជាតិយើង។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍» ៕

អត្ថបទដែលជាប់ទាក់ទង