រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ៖ បើមានករណីសង្ស័យជំងឺCovid-19 ក្រសួងនឹងប្រកាសប្រាប់ភ្លាមៗ សុំឲ្យពលរដ្ឋជឿទុកចិត្តលើក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅតាមចំណតរថយន្ដក្រុង និងបិទផ្ទាំងផ្សព្វផ្សាយពីវិធានការការពារជំងឺរលាកសួតប្រភេទកូរ៉ូណាវីរុស (កូវីដ-១៩) នៅមន្ទីរពេទ្យព្រះអង្គឌួង, ចំណតរថយន្ដ និងលើរថយន្ដក្រុងផងដែរ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសថា បើសិនជាមានករណីសង្ស័យ ឬឃើញអ្នកឆ្លងវីរុស Covid-19 ក្រសួងនឹងប្រកាសភ្លាមៗ មិនលាក់បាំងនោះទេ​ សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ដលើក្រសួងសុខាភិបាល ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្តថា មកទល់នឹងពេលនេះ គ្មានប្រជាជនកម្ពុជាណាម្នាក់ កើតជំងឺកូរ៉ូណា ឬCovid-19នោះទេ មានតែ១ករណី ប៉ុណ្ណោះ គឺបុរសជនជាតិចិននៅខេត្តព្រះសីហនុ ពេលនេះគាត់ជាសះស្បើយ ហើយត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញហើយ តែជំងឺនេះ ក៏នៅតែរីករាលដាលកាន់តែខ្លាំង នៅតាមបណ្ដាប្រទេសនៅលើសកលលោក ដូច្នេះយើង នៅតាមបន្ដចាត់វិធានការការពារ ដោយមិនបន្ថយដៃនោះឡើយ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋយើង ។

ក្នុងនោះមកទល់ពេលនេះ ឯកឧត្តម សង្កេតឃើញថា ពលរដ្ឋយើងនៅតែបន្ដការភិតភ័យខ្លាំង ទៅលើព័ត៌ប្រឌិត បំភ្លៃការពិត ក្លែងក្លាយ ដែលជាចេតនា ធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិយើងចលាចល តែយើងនៅតែបន្ដធ្វើ និងផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ ពោល «ឆ្កែចេះតែព្រូស រទេះសេះនៅតែបរទៅមុខ»៕

អត្ថបទដែលជាប់ទាក់ទង