លោក កឹម សុខា បង្ហាញការជឿជាក់ថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យលោក ទោះបីមានអ្នកខ្លះរិះគន់តុលាការនៅស្រុកខ្មែរ គ្មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ

ភ្នំពេញ ៖ មុនចូលសវនាការជំនុំជម្រះរឿងក្ដី ក្នុងសប្តាហ៍ទី៤ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក កឹម សុខា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យលោក ទៅតាមនីតិវិធីច្បាប់ ទោះបីមានអ្នកខ្លះរិះគន់តុលាការ នៅស្រុកខ្មែរ គ្មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ។

ទោះបីលោក កឹម សុខា លើកឡើងមិនចំឈ្មោះបុគ្គលមួយណាថា តុលាការស្រុកខ្មែរគ្មានប្រសិទ្ធភាព ក៏ពិតមែន តែក្នុងន័យនេះ លោកសំដៅទៅលើលោក សម រង្ស៊ី ពីព្រោះ លោក សម រង្ស៊ី តែងតែរិះគន់តុលាការស្រុកខ្មែរថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន។

លោក កឹម សុខា បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានមុន ទៅកាន់តុលាការថា ចំពោះរឿងក្ដីរបស់លោកជាមួយតុលាការ នាពេលកន្លងមកនេះ មិនមានភស្ដុតាង មានត្រឹមតែពាក្យសម្ដី ហើយកាលពីថ្ងៃទី៥ កុម្ភៈ ក្នុងជំនុំជម្រះរឿងក្ដី ព្រះរាជអាជ្ញាលើកឡើងថា «សំដីហ្នឹងហើយ យកមកចាប់» ។ សំដីរបស់លោកដែលមានការចោទប្រកាន់ពីទោសក្បត់ជាតិ។

លោកមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យខ្ញុំ ទោះបីបច្ចុប្បន្ននេះ មានអ្នកខ្លះរិះគន់ខ្ញុំថាម៉េចក៏ដោយ បើខ្ញុំទៅតុលាការធ្វើអី បើដឹងតុលាការចឹងហើយ។ ខ្ញុំរស់នៅក្រោមដំបូលព្រះរាជណាចក្រកម្ពុជា ខ្ញុំត្រូវទៅបង្ហាញការពិតនៅទីនោះ (នៅតុលាការ) អាហ្នឹងវាត្រូវតែទៅ បើគេសម្រេចយ៉ាងម៉េចជារឿងរបស់ពួកគេ»។

លោកបន្ដថា នាពេលកន្លងមក លោកមិនបានធ្វើអ្វីខុសឡើយ ហើយធ្វើអ្វីទៅតាមច្បាប់កម្ពុជាទៀត ដូចជា ៖ បោះឆ្នោត , ដើរតាមលទ្ធិប្រជាធិតេយ្យ , អត់មានការផ្លាស់ប្ដូរអហិង្សា មិនបង្ហូរឈាមជាដើម។លោកសង្ឃឹមទៀតថា តុលាការនឹងយកភស្ដុតាងទាំងនេះដើម្បីផ្ដល់យុត្តិធម៌ឲ្យលោក ។ លោកថា តុលាការនឹងមិនធ្វើអ្វីដូចគេចោទថា ធ្វើតាមបញ្ជារបស់គណបក្សមានឥទ្ធិពល និងអ្នកមានអំណាច។

ក្រោយពីមានអ្នករិះគន់លោក កឹម សុខា ត្រូវរ៉ូវជាមួយគណបក្សកាន់អំណាច និងបែកបាក់ជាមួយលោក សម រង្ស៊ី ដើម្បីលើកលែងទោសនោះ លោកបានឆ្លើយយ៉ាងខ្លីថា «អាហ្នឹងជាការយល់របស់មនុស្សម្នាក់ៗ ខ្ញុំមិនអាចហាមឃាត់គេទេ អ្នកណាគេយល់ម៉េចយល់ទៅគេគិតម៉េច គេគិតទៅ?»។

លោកបញ្ជាក់ថា ខ្លួននៅតែប្រកាន់គោលការណ៍អហិង្សា អត់យកខ្មែរណាជាសត្រូវ ធ្វើដំណើរទៅបោះឆ្នោត អត់ទៅធ្វើបដិវត្តន៍ពណ៌ អត់ទៅបង្ហូរឈាមខ្មែរ ហើយអ្នកណាទៅបង្ហូឈាមខ្មែរ ធ្វើបដិវត្តន៍ពណ៌ អំពើហិង្សា ជារឿងរបស់ពួកគេ លោកមិនទៅជាមួយឡើយ៕

អត្ថបទដែលជាប់ទាក់ទង