អ្នកស្រី Maria Van Kerkhove មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានលើកឡើងថា ចំនួនតួលេខនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសចិនមានចំនួនធ្លាក់ចុះជាលំដាប់

(ភ្នំពេញ)៖ ស្ថានទូតចិននៅកម្ពុជា បានផ្សាយឲ្យដឹងថា អ្នកស្រី Maria Van Kerkhove មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានលើកឡើងថា ចំនួនតួលេខនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសចិនមានចំនួនធ្លាក់ចុះជាលំដាប់។ ការធ្លាក់ចុះនៃករណីឆ្លងថ្មីនេះ បានបង្ហាញឲ្យឃើញ ពីការគ្រប់គ្រងការឆ្លងនៃជំងឺមួយនេះបានយ៉ាងមានប្រសិទ្ធភាព ហើយបទពិសោធន៍របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គួរតែយកមកសិក្សា។

ស្ថានទូតចិនបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា បច្ចុប្បន្នចំនួនអ្នកឆ្លងនឹងជំងឺវីរុស COVID-19 នៅក្នុងប្រទេសចិនមានការថយចុះជាលំបាប់ កាលពី២៤ម៉ោងមុន ចំនួននៃការឆ្លងជំងឺវីរុសCOVID-19 នៅក្រៅប្រទេសមានចំនួនដល់៩ដងនៃការឆ្លងនឹងជំងឺប្រភេទនេះនៅក្នុងប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរបស់ទូតថា ស្ថានភាពជំងឺនៃប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុន មានសភាពធ្ងន់គួរឲ្យព្រួយបារម្ភ។ បច្ចុប្បន្ននេះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់ចាត់ទុកជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) នេះជាជំងឺរាលដាលគ្រប់ទីកន្លែង (Pandemic) បាននោះទេ ហើយជាង១៣០ប្រទេសពុំទាន់លេចឡើងករណីនៃការឆ្លងនឹងជំងឺមួយនេះនោះដែរ។ “យើងអាចមានឱកាសគ្រប់គ្រងទៅលើការរីករាលដាលនៃជំងឺនេះ បានថែមមួយកម្រិតទៀត”។ នេះជាការផ្សាយរបស់ស្ថានទូតចិន នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង