បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តហាយឡែនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តហាយឡែនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្ត ១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-5509 ទើបចេញពីកម្មវិធីខួបកំណើត នៅឯកោះពេជ្រ បំណង់បើកត្រលប់ទៅផ្ទះវិញ។ ដោយធ្វើដំណើរ ពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯបង្កាន់ដៃស្ពានអាកាសខូចខាតបែកបាក់បន្តិចបន្តួច តែសំណាងល្អ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ ទាក់ទងទៅជំនាញ ឲ្យមកវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង