ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ​ខែម នគរបាលគ្រប់រូប គ្រប់ការិយាល័យ ជំនាញនានា បន្ត​គ្រប់គ្រង​និង​តាម​ប្រ​ម៉ាញ់​មុខសញ្ញា​ដែល​នៅ​សេសសល់ មិនត្រូវ​បោះបង់ចោល​ឡើយ​

បន្ទាយមានជ័យ ៖ អធិការនគរបាល​ស្រុក ក្រុង ដែល​នៅមាន​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​​ សេសសល់​មិនទាន់បាន​បង្ក្រាប​ចាប់​យកមក​ផ្តន្ទាទោស ជាពិសេស​ គឺ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ គឺ​ត្រូវតែ​បន្ត​តាម​ប្រ​ម៉ាញ់​ស្រាវជ្រាវ ​រកមុខ​សញ្ញា​នោះ​ឲ្យ​ដូចជា​ភ្លៀងរលឹម ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដោយ​មិនត្រូវ​បោះបង់ចោល​សកម្មភាព​ ទុក​ឲ្យ​មុខសញ្ញា​នោះ​រស់នៅ​ដោយ​សុខ​ស្រួល​នោះឡើយ ហើយក៏​ត្រូវតែ​បង្កើន​ការ​យាមល្បាត​ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​មូលដ្ឋាន ។ ជាងនេះទៀត​គឺ​ជំរុញ​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​គ្រឿងញៀន​ឲ្យ​បាន​ញឹក​ញ៉ាប់​លើ​រថយន្ត ម៉ូតូ ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​សំដៅ​រក្សាបាន​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ។

នេះ​គឺជា​ការលើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ ក្នុ​ងោ​កាស​ប្រជុំ​បូកសរុប​សភាពការណ៍​និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ​កុម្ភៈ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត ។​

​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បានដាក់​បទបញ្ជា​ឲ្យ​គ្រប់​អធិការនគរបាល ស្រុក ក្រុង ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​លើ​ក​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ឲ្យ​បានល្អ ត្រូវធ្វើ​បច្ចុប្បន្នភាព​មុខសញ្ញា​ក្មេង​ទំនើង​មាននៅ​ក្នុង​មូលដ្ឋាន​គឺ​ក្តាប់​ឲ្យ​បាន ដើម្បី​ងាយស្រួល​ការគ្រប់គ្រង និង​ត្រៀមកម្លាំង​ការពារ​ក្នុង​ពិធីបុណ្យ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ភាព​សម្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ ។

នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ កម្មវិធី​មហា​ស​ង្ក្រា​ន គឺមាន​៣​កន្លែង កន្លែង​ដែល​ធំជាងគេ គឺ​នៅ​ប្រាសាទបន្ទាយឆ្មារ ក្នុងស្រុក​ថ្មពួក បន្ទាប់មក​នៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ និង​នៅ​ក្រុង​ប៉ោយប៉ែត ។ ជាមួយគ្នា​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​ជំរុញ​ឲ្យ​នគរបាល​ជំនាញ​ប្រ​ឆាំ​គ្រឿងញៀន ត្រូវ​បង្កើន​ការ​ស្រា​ជ្រាវ​ក្តាប់​ឲ្យ​បាន​ពីមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​បង្ក្រាប​ចាប់​ឃាត់ខ្លួន ព្រោះ​គ្រឿងញៀន​វា​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​ក្នុងសង្គម វា​ប៉ះពាល់​ដល់​សង្គម​គ្រួសារ​និង​សង្គមជាតិ ។​

ជុំវិញ​បញ្ហា​ចរាចរណ៍​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ជំរុញ​ឲ្យ​នគរបាល​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​លើ​អ្នកបើកបរ ដែល​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ រងរបួស​និង​បាត់បង់​ជីវិត​ហើយ​រត់គេចខ្លួន គឺ​ត្រូវតែ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​នោះ​ឲ្យ​ឃើញ ចំពោះ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន គឺ​ត្រូវមាន​ការទំនាក់ទំនង​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​មានការ​សហការ​ស្រង់​បញ្ជី​ឈ្មោះ​អ្នកបើកបរ​រថយន្ត​ក្នុង​ក្រុមហ៊ុន​គាត់ ដើម្បី​ងាយស្រួល​ពេល​អ្នកបើកបរ​នោះ​បង្ក​គ្រោះថ្នាក់​រត់គេចខ្លួន​តែ​យើង​មានឈ្មោះ​និង​អាស័យដ្ឋាន​គាត់ តាម​ស្រាវជ្រាវ​ចាប់​អ្នកបើកបរ​រូបនោះ​យក​ម​ផ្តន្ទាទោស​តាមច្បាប់ កុំ​ឲ្យ​ដូច​ប្ចុ​ប្បន្ន​នេះ​សង្កេតឃើញថា ពេល​គ្រោះថ្នាក់​ឲ្យ​តែ​រត់គេចខ្លួន​រួច មាន​ម្ចាស់​ក្រុមហ៊ុន​មក​ដោះស្រាយ​ហើយ​មាន​ខ្លះ​អ្នកបើកបរ​រួច​ពី​សំណាញ់​ច្បាប់ ការធ្វើ​បែបនេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើនឡើង​ដែល ចាប់ពីពេលនោះ​ទៅ​អ្នកប្រព្រឹត្ត​បទល្មើស​ថ្នាក់​ចរាចរណ៍​ចំពោះ​អ្នកបើកបរ​រថយន្ត នគរបាល​ចរាចរណ៍​ត្រូវ​កិប​ប័ណ្ណបើកបរ​របស់គាត់ ប្រព្រឹត្ត​ម្តង​កិប​១ ពីរដង​កិប​២ បី​ដង​កិប​៣ លើក​ទី​៤​បញ្ឈប់​ការបើកបរ ។​

​ជា​ចុងក្រោយ​លោក​ផ្តាំ​ផ្តើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង គោរព​វិន័យ លេខ​០០៦ របស់​នគរបាលជាតិ ព្រោះ​វិន័យ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​អាកប្បកិរិយា ក្រមសីលធម៌ សុជីវធម៌ របស់​នគរបាល ៕​

អត្ថបទដែលជាប់ទាក់ទង