សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃ៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ។

អញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមានឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាល នៃក្រសួងមហាផ្ទៃ។

ទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង នាពេលនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមគម្រោង ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាលយតម្លៃលទ្ធផលនៃការអនុវត្តកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។

កិច្ចប្រជុំនេះ គឺជាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងខេត្តជាប់ព្រំដែន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនេះដែរ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ ៕

អត្ថបទដែលជាប់ទាក់ទង