ខេត្តកំពត !ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ច ពិនិត្យខ្សែច្រវាក់ផលិតកម្មម្រេច នៅចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង (La Plantation)​ ដើម្បីពង្រឹង និងពង្រីកផលិតកម្មម្រេចកំពត ក៏ដូចជាការទប់ស្កាត់ការក្លែងបន្លំម៉ាក

កំពត៖ ដើម្បីពង្រឹង និងពង្រីកផលិតកម្មម្រេចកំពត ក៏ដូចជាការទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញម្រេចកំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ច ពិនិត្យខ្សែច្រវាក់ផលិតកម្មម្រេច នៅចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង (La Plantation) ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីម្ចាស់ចម្ការបានបង្ហាញអំពីខ្សែច្រវាក់ផលិតកម្មម្រេចរួច ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់ចម្ការម្រេចកំពត ដែលបានបង្កើតរោងចក្រកែច្នៃម្រេចដ៏ធំមួយនេះ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ចំនួន ៥ម៉ឺន ទៅ ៦ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ឡា ផ្លង់តាស្យុង ក៏បានជួយទិញម្រេចរបស់ប្រជាកសិករចំនួន ២១ គ្រួសារ ដែលជាសមាជិកសមាគមម្រេច ចំនួន ១ ៤៦៧ គីឡូក្រាម នៅក្នុងឆ្នាំ២០១៩ សម្រាប់ធ្វើការនាំចេញទៅបណ្តាប្រទេសចំនួន ៣៧ប្រទេស នៅសហគមន៍អឺរ៉ុប។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុន ផលិតម្រេចកំពត ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុកម្រេចកំពត ដូចជា ការផលិតមានអនាម័យខ្ពស់ វេចខ្ចប់ រក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ ជាដើម ដើម្បីឱ្យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត កាន់តែមានភាពល្បីល្បាញលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យក្រុមហ៊ុន ឡា ផ្លង់តាស្យុង បន្តជួយទិញម្រេចពីប្រជាកសិករឱ្យបានកាន់តែច្រើនថែមទៀត និងផ្សព្វផ្សាយពីគុណភាពម្រេចកំពតដល់អ្នកប្រើប្រាស់ និងពាណិជ្ជករបរទេស ឱ្យបន្តគាំទ្រម្រេចកំពត ជាពិសេសជួយពង្រីកទីផ្សារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពតនៅបណ្តាប្រទេសសហគមន៍អឺរ៉ុប។

សូមជម្រាបថា នៅឆ្នាំ២០០៩ ផ្ទៃដីដាំម្រេចកំពត មានចំនួន ៩,៤៥ ហិកតា ទទួលផលបាន ១៧,៣៩២តោន ហើយនៅឆ្នាំ២០១៩ ផ្ទៃដីដាំម្រេចកំពត កើនដល់ ២៩០,៩ ហិកតា ទទួលផលបាន ១២៦,៦៦០តោន៕

អត្ថបទដែលជាប់ទាក់ទង