សម្តេចតេជោ ហ៊ុន​ សែន​ បានសម្រេចអោយក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០%

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវអាទិភាពចម្បងរបស់ប្រទេសកម្ពុជានាពេលនេះគឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន​ សែន​ បានសម្រេចអោយក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០% ។

ប៉ុន្តែលើកលែងតែក្រសួងនិងស្ថាប័នបីដូចជា ១)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២)ក្រសួងពាណិជ្ជកម្ម ៣)ទីស្តីការគណៈរដ្ឋមន្រ្តី គឺត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ២៥% ។

ចំពោះការចំណាយ និងបញ្ជូនមន្រ្តីទៅបេសកកម្មក្រៅប្រទេស ឧទាហរណ៍បើទៅ ៥នាក់ គឺអោយទៅតែ២នាក់ទេ។ ទន្ទឹមនឹងនោះ គឺត្រូវផ្តល់ការងារអោយអគ្គរាជទូតប្រចាំការនៅក្រៅប្រទេសចូលរួមប្រជុំជំនួស។

ការកាត់បន្ថយចំណាយចរន្តនេះ គឺរាជរដ្ឋាភិបាលកម្ពុជាអាចសន្សំថវិកាបានប្រមាណ ៤០០លានដុល្លារអាមេរិក ដែលអាចយកមកដោះស្រាយបញ្ហាប្រឈមចាំបាច់នានា។ សម្តេចតេជោបានបញ្ជាក់ច្បាស់ថា មិនមានការកាត់បន្ថយលើការតម្លើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងបន្តតាមដានពិនិត្យមើលថា តើមានរដ្ឋមន្រ្តីក្រសួងណាខ្លះ ដែលអនុវត្តដោយមានការភ្ញាក់រឮកខ្ពស់។ ចំពោះការដ្ឋានសាងសង់ក៏ដូចគ្នាដែរ ប្រសិនបើមិនទាន់បើកការដ្ឋានសាងសង់នៅឡើយទេ គឺត្រូវផ្អាកសិន ត្រូវដោះស្រាយបញ្ចប់បញ្ហាជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) អោយចប់ផុតសិន៕

អត្ថបទដែលជាប់ទាក់ទង