អីយ៉ាស់! ប៉ះចំទឹកប្ដូរនិស្ស័យផឹករួច មានណាឈ្លោះប្រកែកទាញកាំបិតខ្វែវកាប់គ្នា បណ្ដាលឲ្យរងរបួស

កណ្តាល: កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីហិង្សាដោយចេតនា។

ជនរងគ្រោះឈ្មោះ ជ័យ ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (រងរបួសហើមភ្នែក ស្តាំ០១ កន្លែង ហើមថ្គាមស្តាំ០១កន្លែង របួសស្មាឆ្វេងពីក្រោយ០១កន្លែង ពកក្បាលក្រោយ០១កន្លែង)។
ជនសង្ស័យឈ្មោះ ពិន សុខយឿន ហៅ យិន យឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
-កាំបិត ខ្វែវ០១។

សភាពរឿងហេតុ៖ នៅវេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះបានទៅផឹកស្រា ឯឃ្លាំងទុកប្រេងរបស់ឈ្មោះ អ៊ុក រដ្ឋា ជាមួយឈ្មោះ វិន ចាន់ ពេលនោះ ក៏មានទំនាស់ពាក្យសំដីជាមួយគ្នា ហើយមានគេឃាត់បែកគ្នាទៅផ្ទះរៀងខ្លួន ។ ពេលមកដល់ផ្ទះ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយឈ្មោះ ទុំ ប្រពន្ធរបស់ឈ្មោះ វិន ចាន់ ទៀត ដល់ម៉ោង ២០និង៣០នាទី ឈ្មោះ វិន ចាន់ បានដើរទៅផ្ទះឈ្មោះ ពិន សុខយឿន ពេលនោះឈ្មោះ ជ័យ ដារ៉ា បានកាន់កាំបិតខ្វែវ ឈរនៅមុខផ្ទះខ្លួន ជេរទៅលើឈ្មោះ វិន ចាន់ និង ឈ្មោះ ពិន សុខយឿន ពេលនោះអ្នកទាំង២ មិនតបតទេ ឃើញសភាពបែបនោះឈ្មោះ ពិត សុខយឿន ក៏ជូនឈ្មោះ វិន ចាន់ ត្រឡប់ទៅផ្ទះវិញ ព្រោះខ្លាច ឈ្មោះ ជ័យ ដារ៉ា រករឿងតាមផ្លូវ ពេលជូន ឈ្មោះ វិន ចាន់ ដល់ផ្ទះ ឈ្មោះ ពិន សុខយឿន ដើរត្រឡប់មកផ្ទះខ្លួនវិញហើយរើស ដំបងឫស្សីមួយកំណាត់មកកាន់ ពេលដើរមកដល់ឃើញឈ្មោះ ជ័យ ដារ៉ា ឈរនៅមុខផ្ទះខ្លួនកាន់កាំបិតខ្វែវដដែល ហើយស្ទុះប្រុងមកកាប់ឈ្មោះ ពិន សុខយឿន តែឈ្មោះ ពិន សុខ
យឿនគេចផុត បន្ទាប់មកឈ្មោះ ពិន សុខយឿន ក៏ដាល់ត្រូវឈ្មោះ ជ័យ ដារ៉ា មួយដៃចំមុខ ពេលនោះជ័យ ដារ៉ា ស្ទុះសំដៅមករកឈ្មោះ ពិន សុខយឿនទៀត ហើយ ពិន សុខយឿន យកដំបងដែលកាន់នៅ និងដៃវាយ ជ័យ ដារ៉ា ត្រូវចំកន្ទុយភ្នែកស្តាំ១ដំបង ត្រូវចំស្មា ២ដំបង បណ្តាលឲ្យមានរបួសហើមជាំ ហើយ ជ័យ ដារ៉ា ដួលទៅលើដី ឈ្មោះ ពិន សុខយឿន បានដណ្តើមកាំបិត ខ្វែវ ពីដៃ ឈ្មោះ ជ័យ ដារ៉ា កាន់យកទៅទុកនៅផ្ទះរបស់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍។ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីប្រពន្ធឈ្មោះ ជ័យ ដារ៉ា បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ពុកឬស្សី ទើបសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ពិន សុខយឿន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់ បន្ត តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង