រដ្ឋបាលខេត្តព្រះវិហារក្នុងទិវាទីក្រុងស្អាតលើកទី០៨ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងដែលមានវីថីម្ហូបអាហារស្អាត
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាទីក្រុងស្អាតលើកទី០៨ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងដែលមានវីថីម្ហូបអាហារស្អាត” ដែលពិធីនេះ ធ្វើឡើងនៅបរិវេណរង្វង់មូលនាគព័ន្ធ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ទិវាទីក្រុងស្អាតលើកទី០៨ មានការរៀបចំពីសាលាក្រុងព្រះវិហារ សហការជាមួយ មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត សិស្សនិស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន កុះករ។
លោក គោស៊ុំ ប៊ុនសឿត បានលើកឡើងថា បើយើងចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្ត រក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា នឹងគ្រប់ទីកន្លែង។ដូច្នេះយើងទាំងអស់គ្នា នាំគ្នាចូលរួមបន្តជាប្រចាំដោយនាំគ្នាសម្អាតអនាម័យ បរិស្ថាន នៅតាមផ្ទះ ទីកន្លែងសាធារណ:នានា ក្នុងទីក្រុងនិងជនបទ ដើម្បីទទួលបានមកវិញនូវសុខភាពល្អ ទីក្រុងស្អាតនិងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនានិងឆ្លងកាត់ ហើយបានចូលរួមប្រលងប្រណាំងទីក្រុងស្អាតពីថ្នាក់ជាតិនិងថ្នាក់តំបន់ផងដែរ។
លោកអភិបាលរងខេត្តបានបន្តថា ការចូលរួមសម្អាតអនាម័យបរិស្ថាននេះ ការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗបានអនុវត្តជាប្រចាំយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាតនិងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀតដើម្បីឲ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំងអស់គ្នា៕