មគ្គុទេសក៏ទេសចរណ៍៣០០នាក់ដើរដង្ហែក្បួននៅតំបន់អង្គរខណៈចំនួនទេសចរចិនមកកម្ពុជាធ្លាក់ចុះ
ក្រុមមគ្គុទេសក៏ទេសចរណ៍និយាយភាសាចិនប្រហែល៣០០នាក់ នៅថ្ងៃទី៣មីនានេះ បាននាំគ្នាដើរដង្ហែក្បួន និងជួបជុំគ្នានៅខាងមុខប្រាសាទអង្គរវត្ត ដើម្បីបង្ហាញពីការគាំទ្រទៅដល់ប្រជាជនចិន ដែលកំពុងរងការលំបាកដោយសារការផ្ទុះឡើងនៃវីរុសCovid-19។
ក្រុមមគ្គទេសក៏ទេសចរណ៍ទាំងនេះ សង្ឃឹមថា ប្រជាជនចិននឹងបានរួចផុតពីការឆ្លងរាលដាលនៃវីរុសCovid-19នាពេលឆាប់ៗខាងមុននេះ ហើយបានអះអាងថា អង្គរវត្តនិងប្រទេសកម្ពុជា ស្វាគមន៍អ្នកទេសចរជនជាតិចិន។
ម្ចាស់ទំព័រហ្វេសប៊ុកម្នាក់ឈ្មោះ Sun Ge បានសរសេរថា៖«ថ្ងៃនេះមគ្គុទេសក៏ទេសចរណ៍ភាសាចិនក្រុងសៀមរាបប្រមាណ៣០០នាក់ ចូលរួមដង្ហែក្បួននៅប្រាសាទអង្គរ ដើម្បីចូលរួមផ្សព្វផ្សាយ ក៍ដូចជាការលើកទឹកចិត្ត បញ្ជាក់ពីមិត្តភាពជាយូរអង្វែងរវាងកម្ពុជា-ចិនដែលតែងតែជួយគ្នាទៅវិញទៅមក ពិសេសក្នុងគ្រាមានទុក្ខលំបាក។ ហើយរំពឹងថារដ្ឋាភិបាល និងប្រជាជនចិន នឹងយកឈ្នះលើជំងឺកូរ៉ូណា(Covid-19) ក្នុងពេលដ៍ខ្លីខាងមុខ។ អង្គរស្វាគមន៍អ្នក កម្ពុជាស្វាគមន៍អ្នក!»។
រដ្ឋាភិបាលកម្ពុជាប្រកាសថា វិស័យទេសចរណ៍កម្ពុជា កំពុងរងប៉ះពាល់ បន្ទាប់ពីប្រទេសចិន បានផ្ទុះឡើងវីរុសCovid-19។ ផ្ទះសំណាក់និងសណ្ឋាគារជាច្រើននៅក្នុងខេត្តសៀមរាប ប្រឈមបិទទ្វារ និងឱ្យបុគ្គលិកជាច្រើន ត្រូវអត់ការងារធ្វើ។ កាលពីថ្ងៃទី២៦កុម្ភៈ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញវិធានការមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ដូចជាការជួយសម្រួលការធ្វើដំណើរ និងការបន្ថែមថ្ងៃចូលទស្សនាតំបន់អង្គរដោយមិនគិតថ្លៃជាដើម។ លើសពីនេះ ក៏បានប្រកាសលើកលែងពន្ធមួយរយៈសម្រាប់ម្ចាស់ផ្ទះសំណាក់និងសណ្ឋាគារដែរ៕