ស្ត្រីបរទេសម្នាក់បេីកម៉ូតូ ដេញតាមចោរឆក់កាបូប លឿនពេក ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបោកក្បាលស្លាប់មួយរំពេច

រាជធានីភ្នំពេញ ៖ អ្នកគ្រូសម្របសម្រួល ជនជាតិហ្វីលីពីនម្នាក់ បើកម៉ូតូដេញតាមជនសង្ស័យឆក់កាបូប លឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ចំណុចផ្លូវកោង បោកផ្ទប់ ស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូផ្លោងខ្ទាតទៅប៉ះរថយន្តដែលគេចតស្ងៀមទៀត នៅតាមផ្លូវ១០១៥ កែងផ្លូវ៩២ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ ។

ស្ត្រីរងគ្រោះជាជនជាតិហ្វីលីពីន ឈ្មោះ MARASIGAN MORESETTE ACERO អាយុ២២ឆ្នាំ ជាគ្រូសម្របសម្រួល បម្រើការងារនៅក្រុមហ៊ុន WESTLINE EDUCATION នៅខណ្ឌច្បារអំពៅ ។

តាមប្រភពនៅកន្លែង មួយចំនួនបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O-8811 បើកម៉ូតូដេញតាមជនសង្ស័យស្ទាវ ឆក់កាបូប ល្បឿនលឿនតាមផ្លូវ១០១៥ ពីត្បូងទៅជើង លុះដល់ចំណុចផ្លូវកោងកែង ផ្លូវ៩១ យកចង្កូតមិនទាន់ជ្រុលទៅបុកផ្ទប់នឹងខឿន របងចិញ្ចើមផ្លូវ បោកស្លាប់ភ្លាមៗនៅកន្លែង រីឯម៉ូតូផ្លោងខ្ទាតទៅប៉ះរថយន្តកូរ៉េចតស្ងៀម ។

តែបើតាមប្រភពផ្សេងមួយទៀត ជនរងគ្រោះបើកបរម៉ូតូល្បឿនលឿន ដល់ចំណុចផ្លូវកោង បត់មិនទាន់ជ្រុលទៅបុកបោកផ្ទប់ខឿនរបង បណ្តាលឲ្យស្លាប់ ។

ជុំវិញករណីស្លាប់ជនបរទេសខាងលើ ទោះជាមានការលើកឡើងផ្សេងៗគ្នាយ៉ាងណាក្តី ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយសមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​ បានចុះទៅពិនិត្យ រួចដឹកសពទៅតំកល់ទុកនៅវត្តទឹកថ្លា បន្តធ្វើការស្រាវជ្រាវ និងរងចាំសាច់ញាតិ ការសម្រេចពីស្ថានទូត ៕

អត្ថបទដែលជាប់ទាក់ទង