យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវនៅឯអាកាសយានដ្ឋានអន្តរជាតិ សាប៊ីហា ហ្គុកសិន (Sabiha Gokcen) ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ដោយបានបង្កឱ្យមនុស្ស ០៣នាក់ស្លាប់ និង ១៧៩នាក់ផ្សេងទៀតរងរបួស

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Al Jazeera នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវនៅឯអាកាសយានដ្ឋានអន្តរជាតិ សាប៊ីហា ហ្គុកសិន (Sabiha Gokcen) ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ដោយបានបង្កឱ្យមនុស្ស ០៣នាក់ស្លាប់ និង ១៧៩នាក់ផ្សេងទៀតរងរបួស។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃពុធ ម៉ោងក្នុងតំបន់ ក្នុងកំឡុងយន្ដហោះប្រភេទ Boeing 737 ខាងលើធ្វើការចុះចត នៅពេលមានអាកាសធាតុមិនល្អ ដោយមានភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង។

សូមបញ្ជាក់ផងដែរថា យន្ដហោះនេះបានរអិលធ្លាក់ចេញពីផ្លូវពីចំងាយ ៥០-៦០ម៉ែត្រ ទៅក្នុងប្រឡាយមួយ និងបានបាក់ជាបីកំណាត់ផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី យន្ដហោះ Boeing 737 នេះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍តួកគី ផេហ្គាសឹស (Pegasus Airlines) មានផ្ទុកមនុស្សសរុប ១៨៣នាក់ ក្នុងនោះរួមមានទាំងក្រុមអាកាសយានិក ០៦នាក់ និងកុមារ ១២នាក់។ យន្ដហោះនេះបានហោះចាកចេញពីទីក្រុង អ៊ីស្មឺ (Izmir) រីឯមូលហេតុ នៃគ្រោះថ្នាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង