គយប្រកាសបញ្ឈប់ការប្រើប្រាស់​បង្កាន់ដៃពន្ធ​យានយន្ត​ដែលសរសេរ​ដោយដៃ​ សម្រាប់ការចុះបញ្ជីធ្វើ​ផ្លាកលេខ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការប្រើប្រាស់​បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃ។

សេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី៤ ខែមីនានេះ បានបញ្ជាក់ថា ផ្អែកតាមយន្តការនៃការតភ្ជាប់រវាង​​ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធស្វ័យប្រវត្តិចុះបញ្ជីយានជំនិះ និងដើម្បីសម្រួលដល់និតីវិធី​នៃ​ការ​ចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គយបានជូនដំណឹងថា គ្រប់បង្កាន់ដៃពន្ធយានយន្តដែលបានសរសេរដោយដៃ មានថិរវេលាមិនលើស​ពី​១០ (ដប់) ឆ្នាំ (ផ្អែកតាមច្បាប់ស្តីពីគយ) ត្រូវយកមកបញ្ជូលទិន្នន័យទៅក្នុងប្រព័ន្ធប្រវត្តិកម្មគយឡើយវិញ នៅគយ សាខារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។

បើតាមអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ការបញ្ឈប់ការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរ​សេរដោយដៃនេះ ដោយសារកន្លងមក ​ប្រព័ន្ធស្វ័យប្រវត្តិក​ម្មគយ ពុំទាន់គ្របដណ្តប់ពេញលេញនៅទូទាំងប្រទេស មានការិយាល័យគយ និងរដ្ឋាករមួយចំនួន បានចេញបង្កាន់ដៃពន្ធយានយន្តសរសេរដោយដៃជូនធុរជន ហើយបង្កាន់ដៃទាំងនោះ អាចនៅពុំទាន់បានប្រើប្រាស់ក្នុងការចុះបញ្ជីធ្វើផ្លាកលេខនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង