នៅខែកុម្ភៈ មានស្ត្រីកម្មករនិយោជិត ៦៤៨៧នាក់ សម្រាលកូន ហើយប.ស.ស. ចំណាយប្រាក់ឧបត្ថម្ភជាង ២៦១៣ លានរៀល
(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២០ មានស្ត្រីកម្មករនិយោជិតសរុបចំនួន ៦៤៨៧នាក់ បានសម្រាលកូនចំនួន ៦៥៣៤នាក់ ដោយក្នុងនោះ មានស្ត្រីកម្មករនិយោជិតចំនួន ៤៧នាក់ បានសម្រាលកូនភ្លោះពីរ។ នៅខែកុម្ភៈ ប.ស.ស បានចំណាយទឹកប្រាក់ឧបត្ថម្ភ ចំនួន ២៦១៣៦០០០០០ រៀល។
ទិន្នន័យកម្មការិនីសម្រាលកូនរយៈពេល ២ខែ ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានប.ស.ស ប្រកាសថា មានចំនួនសរុប ១៣២៦៣ នាក់ ដោយសម្រាលបានកូនសរុបចំនួន ១៣៣៣៧នាក់ ហើយក្នុងនោះ មានស្ត្រីកម្មករនិយោជិត សម្រាលបានកូនភ្លោះពីរ ចំនួន ៧៤នាក់។ រយៈពេល ២ខែដើមឆ្នាំ២០២០នេះ ប.ស.ស បានចំណាយប្រាក់ឧបត្ថម្ភដល់ស្ត្រីកម្មករនិយោជិតសម្រាលកូន សរុបចំនួន ៥៣៣៤៨០០០០០ រៀល។
តាមប.ស.ស កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ មានស្ត្រីកម្មករនិយោជិតសម្រាលកូនចំនួន ១៤២៥០៣នាក់ ដោយសម្រាលកូនបានចំនួន ១៤៣៥០០នាក់ ក្នុងនោះ មានស្ត្រីសម្រាលកូនភ្លោះពីរ ចំនួន ៩៧៩នាក់ និងស្ត្រីសម្រាលកូនភ្លោះបីនាក់ ចំនួន ០៩នាក់។ រយៈពេល ២ឆ្នាំនេះ ប.ស.ស បានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីកម្មករនិយោជិត សម្រាលកូនចំនួន ៥៧៤០០០០០០០០ រៀល។
សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ចំនួន ៤០០ ០០០រៀល សម្រាប់កូនម្នាក់។ បើកើតកូនភ្លោះពីរ នឹងទទួលបាន ៨០ម៉ឺនរៀល ហើយបើកូនភ្លោះបី នឹងទទួលបាន ១២០ម៉ឺនរៀល៕