យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នដួលបោកក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ : យុវជនម្នាក់ជិះម៉ូតូ suzuki viva មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឱ្យដួលបោកក្បាលនឹងខឿនផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥:៤០នាទីទៀបភ្លឺថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានយុវជនម្នាក់ជិះម៉ូតូម៉ាក suzuki viva មិនមានអាវ មិនមានស្លាកលេខមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកឃឿនផ្លូវបណ្ដាលឱ្យដួលបោកក្បាលទៅនឹងថ្មស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះឡេង អាល័យ មានអាយុ២៣ឆ្នាំ មានមុខរបរជាមេចុងភៅនៅក្នុងហាងមួយកន្លែង ស្នាក់នៅក្នុងបន្ទប់ជួលជិតផ្សារជេនយូរី មានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែង និងធ្វើកំណត់ហេតុទៅលើសពជនរងគ្រោះរួចប្រគល់ជូនទៅខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ដោយ៖ និន សុភ័ស្ត

អត្ថបទដែលជាប់ទាក់ទង