ស្ត្រីម្នាក់ជិះម៉ូតូដួល ត្រូវបានរថយន្តស៊េរីទំនើប ហ្វតរ៉េងជើ ពាក់ស្លាកលេខរដ្ឋ បុកពីក្រោយអូសជាង២០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ!

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូដួល ត្រូវបានរថយន្តស៊េរីទំនើប ហ្វតរ៉េងជើ ពាក់ស្លាកលេខរដ្ឋ បុកពីក្រោយអូសជាង២០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ចំណុចផ្លូវ១៤៣ កែងនឹងផ្លូវ៣០០ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីអាយុប្រហែល៤០ឆ្នាំម្នាក់ បានជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DA-1264 តាមបណ្ដោយផ្លូវ១៤៣ ពីជើងទៅត្បួង លុះដល់ចំណុចកើតហេតុ ក៏បានដួល ត្រូវបានរថយន្តម៉ាកហ្វតរ៉េងជើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ រដ្ឋ 01-2-0735 បើកបរដោយបុរសម្នាក់ មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បុកនិងអូសម៉ូតូប្រហែលជា២០ ម៉ែត្រទើបឈប់ បណ្តាលឲ្យស្ត្រីជាអ្នកជិះម៉ូតូរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ រីឯអ្នកបើករថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាលអូឡាំពិកផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង