សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ក្រោយផ្ទុះហិង្សាចាប់វាយសិស្សសាលាជម្ពូវ័ន បណ្ដាលឲ្យរងរបួសចំនួន ៥នាក់!

ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ក្រោយផ្ទុះហិង្សាចាប់វាយសិស្សសាលាជម្ពូវ័ន បណ្ដាលឲ្យរងរបួសចំនួន ៥នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកកូនស្រីជនសង្ស័យឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី១០B សាលាជម្ពូវ័ន ។

ជនរងគ្រោះឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 របួសធ្ងន់ កំពុងចូលសម្រាកនៅគ្លីនិកមួយកន្លែង។ ដោយទ្បែកជនរងគ្រោះ ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។

បើតាមប្រភពពីសិស្សសាលារងគ្រោះ ដែលត្រូវបុរសនោះវាយឲ្យរងរបួស បានឲ្យដឹងថា មុនកើតហេតុ យុវតីសិស្សសាលាមួយក្រុមឈ្លោះគ្នា រហូតដល់ផ្ទុះហិង្សា វាយ ក្រញៅមកគ្នា ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២ ហៅភាគីសងខាង ឲ្យទៅធ្វើការអប់រំ បញ្ចប់រឿងផងដែរ។ ប៉ុន្តែភាគីយុវតីម្នាក់ បានខលហៅឪពុកដែលជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត ភ្លាមៗនោះបុរសបង្កនោះបានមកដល់ ចូលដល់ក្នុងបរិវេណសាលា ទាំងកំហឹង បានចាប់វាយសិស្សសាលា ជាភាគីគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស៥នាក់ (ប្រុសម្នាក់) ក្នុងនោះរបួសធ្ងន់ម្នាក់។

តាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភក្តិ នៅម៉ោងចេញលេង បានដើរទៅកន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បីរកទិញអីហូប ហើយបានទាស់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើន ឈានដល់ការប្រតាយប្រតប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូ ហៅទៅអប់រំសងខាង លុះចេញមកវិញ ក៏ផ្ទុះកំហឹងសារជាថ្មីម្តងទៀត ដោយ រហូតឪពុករបស់ខ្លួន បានមកចាប់វាយក្រុមយុវតីខាងលើ។

បើតាមសម្តីបុរសឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលា វាយកូនស្រីគាត់ ហើយចូលទៅនោះ បានឃាត់ក្រុមយុវតីខាងលើ កុំឲ្យឈ្លោះគ្នាទេ ពោលមិនបានវាយក្មេងឡើយ ។

តែបើក្មេងសិស្សសាលាវិញ បានឲ្យដឹងថា បុរសខាងលើ បានចូលទៅមិនមែនឃាត់ កុំឲ្យឈ្លោះគ្នាទេ ពេលទៅដល់ស្រែកឡូឡា ថា ៖ « អាណាវាយកូនអញ មិនបានឡើយ » ហើយវាយទៅលើក្រុមយុវសិស្ស ជាគូទំនាស់ជាមួយកូនគាត់ បណ្តាលឲ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុប៥នាក់ ។

ហេតុការណ៍ខាងលើ ត្រូវបានលោកគ្រូអ្នកគ្រូ សិស្សសាលា ប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនសង្ស័យម្នាក់ ដែលអះអាងថា ជាមន្ត្រីនគរបាល នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ទៅ៥នាក់ ៕

ផ្សាយផ្ទាល់( ព័ត៌មានបឋម)៖ ផ្អើលទៀតហើយរឿងក្មេងស្រីសិស្សសាលាវាយគ្នា!!! ក្រុមគ្រួសារក្មេងស្រីសិស្សសាលាជម្ពូវ័នកើតទុក្ខមិនសុខចិត្ត រឿងកូនក្មេងសិស្សលាលាវាយគ្នាទៅវិញទៅមកសោះ បែរជាឪពុកនិងបងស្រីភាគីម្ខាងទៀតមកវាយ បណ្តាលឲ្យក្មេងសិស្សសាលាជាច្រើននាក់រងរបួស និងខ្លះទៀតដេកពេទ្យ ហេតុការណ៍នេះបានកើតឡើងតាំងពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០នេះ នៅក្នងសាលាជម្ពូវ័ន។ចង់ជ្រាបច្បាស់សូមទស្សនាការឡាយផ្ទាល់ជាមួយលោកចាងហ្វាងCS NEWS LIVE

Posted by Cs News Live 24h on Monday, March 2, 2020

អត្ថបទដែលជាប់ទាក់ទង