ប្រជាពលរដ្ឋក្នុងភូមិស្រែដូនតូចនាំគ្នាតវ៉ា អោយឈ្មួញដែលរំលោភយកដីខ្នងប្រឡាយរបស់រដ្ឋរុះរើរបងចេញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាតវ៉ា អោយឈ្មួញម្នាក់ឈ្មោះវេង សំអាត ដែលធ្វើរបងរំលោភយកដីខ្នងប្រឡាយធ្វើជាកម្មសិទ្ធរបស់ខ្លួននោះអោយរុះរើចេញវិញ ព្រោះដីខ្នងប្រឡាយទទឹងថ្ងៃជាដីរបស់រដ្ឋ ដែលប្រជាពលរដ្ឋ និងព្រះសង្ឃ បានយកទឹកទៅប្រើប្រាស់ និងដើរឆ្លងកាត់ទីនេះតាំងពីដើមរៀងមក ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋឈ្មោះជឹម ខន អាយុ៦៥ឆ្នាំបានលើកឡើងថា តាំងពីដើមរៀងមកប្រជាពលរដ្ឋក្នុងភូមិស្រែដូនតូច និងព្រះសង្ឃ រស់នៅដោយអាស្រ័យផលពីប្រឡាយនេះដោយបូបទឹកយកទៅបង្កបង្កើនផល ប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតរៀងរហូតមក។ ទើបតែរយៈពេលមួយឆ្នាំមកនេះឈ្មួញដែលមានដីចម្ការជាប់នៅទីនេះបានព័ទ្ធរបងធ្វើជាកម្មសិទ្ធ លែងឲ្យប្រជាពលរដ្ឋដើឆ្លងកាត់ទីនេះដូចមុនទៀត ហើយប្រជាពលរដ្ឋបាននាំគ្នារើរបងដែលបិទផ្លូវនេះចេញម្តងហើយ តែត្រូវបានឈ្មួញនេះធ្វើឡើងវិញដោយរាបឥតធ្វើរឹងមាំជាងមុនទៀតផង។ ហើយនៅថ្ងៃនេះប្រជាពលរដ្ឋបាននាំគ្នាមកតវ៉ាឲ្យឈ្មួញបើកផ្លូវឡើងវិញ ដើម្បីប្រជាពលរដ្ឋបានអាស្រ័យផល និងប្រើប្រាស់ដូចមុន។

ចំណែកលោកអន អេង សមាជិកក្រុមប្រឹក្សាសង្កាត់ពញ្ញាពន់ បានលើកឡើងដែរថា ប្រឡាយនេះមានទទឹងប្រវែងប្រមាណជា៥០ម៉ែត្រ បណ្តោយប្រវែងប្រមាណជា៤០០ម៉ែត្រ និងមានខ្នងប្រឡាយទំហំប្រមាណជា១៥ម៉ែត្រ ដែលប្រឡាយនេះជាប់និងស្រុកពញ្ញាឮ ពាក់កណ្តាល ហើយប្រជាពលរដ្ឋសង្គាត់ពញ្ញាពន់ និងស្រុកពញ្ញាឮ បានអាស្រ័យផលតាំងពីដើមរៀងមក។

លោកបន្តថា ទើតែរយៈពេលប្រមាណជា១ឆ្នាំមកនេះ មានឈ្មោះវែង សំអាត បានយករថយន្តស៊ីនទ្រីដែលខូចយកមកទុកលើខ្នងប្រឡាយនេះតែ១គ្រឿងទេ តែរហូតមកដល់ទីនេះកើនដល់១៥គ្រឿងហើយ ដោយមិនបានសុំការអនុញ្ញាតិពីភូមិ និងសង្កាត់នោះឡើយ ហើយបានធ្វើរបងបិទជិតមិនឲ្យប្រជាចេញចូលបានទៀត។
លោកបញ្ជាក់ថា បន្ទាប់ពីឃើញឈ្មោះវេង សំអាត ធ្វើរបងបិទជិតមិនឲ្យប្រជាចេញចូលដូចនេះ ខាងអាជ្ញាធរបានចេញលិខិត និងប្រាប់ជាច្រើនលើកច្រើនសារហើយឲ្យរុះរើរបងនេះចេញ តែឈ្មោះវេង សំអាត នេះមិនស្តាប់ឡើយគឺកាន់តែធ្វើរបងរឹងមាំ និងដាំដើមឈើបន្ថែមទៀត។ លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតែទទូចឲ្យឈ្មោះវេង សំអាត នេះចេញមុខមកដោះស្រាយជាមួយអាជ្ញាធរ ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋឆ្លងកាត់ និងបានប្រើប្រាសទឹកប្រឡាយទទឹងថ្ងៃនេះឡើងវិញ មិនត្រូវធ្វើអ្វីរំលងអាជ្ញាធរបែបនេះទេ ហើយណាមួយដីនេះជាដីរួម មិនអាចរំលោភយកតាមអំពើរចិត្តនោះទេ។

ជុំវិញករណីនេះនគរវត្ត មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកវេង សំអាត ដែលប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ និងសង្កាត់ចោទប្រកាន់ថារំលោភយកដីចំណីផ្លូវខ្នងប្រឡាយទទឹងថ្ងៃនេះបានទេ ដោយអ្នកយាមនៅទីនោះប្រាប់ថាមេរបស់គេជាប់រវល់៕

អត្ថបទដែលជាប់ទាក់ទង