កម្មករសំណង់ចំនួន ៥០០គ្រួសារទទួលបានអង្ករ ស្បៀងអាហារពី សហភាពសហព័ន្ធយុវជនកម្ពុជា

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៥០០កញ្ចប់តាមរយៈ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយអង្គការការីតាសកម្ពុជា និងសហភាព សហព័ន្ធ យុវជន កម្ពុជា ខណ្ឌ សែនសុខ ត្រូវបាននាំយកទៅចែក ជូន ដល់ដៃបងប្អូនកម្មករសំណង់ ចំនួន១១០គ្រួសារ ស្ថិតក្នុងបុរី អិល អេច អិល នឹង ចំនួន ៣៩០គ្រួសារទៀត ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តម សឹម យ៉ារ៉ែន ព្រមទាំងឯកឧត្តម សេន ណ៉ាសុី ថ្នាក់ដឹកនាំនៃក្រុមការងារយុវជន ក្រសួង បរិស្ថាន លោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត និងកម្មការសំណង់ផងដែរ ក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា អំណោយដែលបានចែកជូនបងប្អូនកម្មករសំណង់នាពេលនេះ គឺជាផ្នែកមួយសម្រាប់បងប្អូនកំពុងតែខ្វះខាតប៉ុណ្ណោះ ហើយលោកជំទាវបានផ្តាំផ្ញើរឲ្យបងប្អូនកម្មករទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ.១៩នេះ ដោយគ្រាន់តែ នៅក្នុងផ្ទះបើសិនជាមិនមានភាពចាំបាច់អ្វី ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល ជែល ឲ្យបានញឹកញាប់ រក្សាគម្លាតសង្គម១.៥០ម៉ែត្រព្រមទាំងពាក់ម៉ាសជាប្រចាំជាដើម នោះកម្ពុជានឹងរួចផុតពីភាពលំបាកនេះហើយ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង