ក្មេងស្រីម្នាក់ រួមជាមួយប្អូនប្រុស កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កដឹកស័ង្កសី បត់ឆ្លងផ្លូវបុក បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់!

ភ្នំពេញ: ក្មេងស្រីម្នាក់ រួមជាមួយប្អូនប្រុស កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កដឹកស័ង្កសី បត់ឆ្លងផ្លូវបុក បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី០១ ខែមិនា ឆ្នាំ២០២០ តាមតាមផ្លូវបេតុង ក្នុងភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងរងគ្រោះឈ្មោះ ប៉ម ស្រីកែវ ភេទស្រី អាយុ១៣ឆ្នាំ រងរបួសមុតរយះក ធ្ងន់ធ្ងរ រីឯប្អូនប្រុសម្នាក់ទៀត រងរបួសស្រាល មានទីលំនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរ៉ឺម៉កដឹកស័ង្កសី ចេញដំណើរពីខណ្ឌសែនសុខ យកទៅដាក់ឲ្យជាងប្រក់ផ្ទះ នៅក្នុងភូមិភ្លើងឆេះរទេះកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ក៏ជ្រុលទៅបុកក្មេងដើរតាមផ្លូវ បណ្តាលឲ្យរបួសក្មេងស្រីធ្ងន់ធ្ងរ ចំណែកក្មេងប្រុសជាប្អូន របួសស្រាល។ ភ្លាមៗនោះ ម៉ូតូរ៉ឺម៉ក បានព្យាយាមបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅពេទ្យក្នុងភូមិ តែពេទ្យមិនហ៊ានមើល គ្រាន់តែជួយជូតឃាត់ឈាម ប៉ុណ្ណោះ រួចក្រុមគ្រួសារបាន ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផា។

ករណីគ្រោះថ្នាក់នេះ ត្រូវបានសមត្ថកិច្ច សហការជាមួយម្ចាស់ផ្ទះ ដែលបានកុម៉្មង់ទិញស័ង្កសីនោះ ដើម្បីស្រាវជ្រាវ តាមចាប់អ្នកបើករ៉ឺម៉កម៉ូតូបង្ក ឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង