សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមដែលព្យាយាមប្រឌិតព័ត៌មានបំពុលសង្គម អំពីជំងឺកូរ៉ូណាថ្មី ឬ COVID-19 ថាជាក្រុមទុច្ចរិត ហើយសម្តេចនឹងចាត់ទុកពួកគេជាក្រុមភេរវករផងដែរ

ភ្នំពេញ៖ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅក្រុមដែលព្យាយាមប្រឌិតព័ត៌មានបំពុលសង្គម អំពីជំងឺកូរ៉ូណាថ្មី ឬ COVID-19 ថាជាក្រុមទុច្ចរិត ហើយសម្តេចនឹងចាត់ទុកពួកគេជាក្រុមភេរវករផងដែរ បើសិនជាក្រុមនេះនៅតែបន្តបំពុល ឬប្រឌិតព័ត៌មាន ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរមានការភ័យខ្លាច។ ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកលេង Facebook មួយចំនួនជាពិសេសអ្នកដែលប្រឆាំងនៅក្រៅប្រទេស បានបង្ហោះព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ថា កម្ពុជាមានអ្នកជំងឺកូរ៉ូណាថ្មី ឬ Covid-19 ច្រើនប៉ុន្តែថារដ្ឋបាលបិទព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ជំងឺ COVID-19 នេះមិនមានប្រកាច់ស្លាប់ដូចជំងឺដាច់សសៃឈាម ឬគាំងបេះដូងនោះទេ។ សម្តេចបានកត់សម្គាល់ថា កន្លងទៅនេះ កុំឲ្យតែមាននរណាម្នាក់ស្លាប់ ក្រុមអ្នកលេង Facebook មួយចំនួនបានបង្ហោះថា ជាជំងឺ COVID-19 ទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំសូមអំពាវនាវចំពោះជនទុច្ចរិតទាំងឡាយ តើអ្នកឯងទទួលបានអីមកវិញ នៅក្នុងការដែលអ្នកឯងបង្ហោះព័ត៌មាននេះ អ្នកឯងបានត្រឹមតែបង្កការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនៅតែមានជំនឿចិត្តដូច្នេះ គឺប្រជាពលរដ្ឋយើងមិនមែនតក់ស្លត់ ដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ»។

ទោះបីជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះការជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយៈការអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាបពិភពលោក ដោយក្នុងនោះមានការបង្កើនអនាម័យលាងដៃ និងសម្អាតផ្ទះជាដើម។

ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។

ពាក់ព័ន្ធនឹងការបង្ហោះបំភ្លៃព័ត៌មានរឿងជំងឺ COVID-19 នៅកម្ពុជានេះ ក្រសួងព័ត៌មាន បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលេីគណនី Facebook ចំនួន៧ ដែលធ្វេីសកម្មភាពផ្សព្វផ្សាយបំផុសបំផុលនិងបំភ័យប្រជាពលរដ្ឋ។ Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង៕

អត្ថបទដែលជាប់ទាក់ទង