ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការឆ្លើយតបការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺCOVID-19 នៅកម្ពុជា រសៀលនេះ!

ភ្នំពេញ៖ នៅវេលាម៉ោង ៣៖០០នាទី រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺ COVID-19 នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

សន្និសីទនេះនឹងធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីប្រធានអង្គការសុខភាពពិភពលោកនៅកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅក្នុង តំបន់និងខេត្តចំនួន៣១របស់ប្រទេសចិន បានបន្តកើនដល់២,៨៧០នាក់ និងឆ្លងដល់៧៩,៨២៤នាក់។

ជំងឺកូរ៉ូណាថ្មី បានឆ្លងរីករាលដាលកាន់តែខ្លាំងទៅកាន់ប្រទេសមួយចំនួនថែមទៀត ក្នុងនោះមានប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី និងប្រទេសអ៊ីរ៉ង់ជាដើម។

បេីតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺរហូតមកទល់ពេលនេះកម្ពុជាមិនទាន់មានវត្តមាននៅជំងឺកូរ៉ូណាថ្មី ទៀតឡើយ ក្រៅតែពីបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ នៅក្រុងព្រះសីហនុ ដែលបានចេញពីក្រុងវូហាន ប្រទេសចិន ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តីជនជាតិចិនរូបនោះ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ។

ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអះអាងថា នឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី៕

អត្ថបទដែលជាប់ទាក់ទង