សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមដែលចង់កែរដ្ឋធម្មនុញ្ញបែបនេះថា ជាក្រុមឆ្កួត មិនចេះច្បាប់ ហើយចង់បង្ខូចឈ្មោះ សម្តេច..

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថាមានក្រុមទុច្ចរិត មានបំណងចង់ឲ្យកែរដ្ឋធម្មនុញ្ញពីទាយាទនាយមន្រ្តី។ សម្តេចថាគេចង់ដាក់ឲ្យចំៗ នៅក្នុងរដ្ឋធម្មនុញ្ញតែម្តង ថា “ បើអត់ពីហ៊ុន សែន ដាក់ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី”។ សម្តេចនាយករដ្ឋមន្រ្តី បានហៅក្រុមដែលចង់កែរដ្ឋធម្មនុញ្ញបែបនេះថា ជាក្រុមឆ្កួត មិនចេះច្បាប់ ហើយចង់បង្ខូចឈ្មោះ សម្តេច។

សម្តេចេតជោ ហ៊ុន សែន ស្នើឲ្យក្រុមនេះ រៀនសូត្របន្ថែមបើល្ងង់ ពីព្រោះនាយករដ្ឋមន្រ្តីកម្ពុជា គឺ ជ្រើសរើសតាមការបោះឆ្នោត គ្មានការបន្តទាយាទនោះឡើយ ហើយសូម្បីព្រះមហាក្សត្រ ក៏ត្រូវជ្រើសរើសមិនអាចតែងតំាងតាមទាយាទដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រុមដែលមានចេតនាអាក្រក់បែបនេះ ជាក្រុមដែលសម្តេចបានប្រើកាលពីឆ្នាំ២០០៦ ដើម្បីកែរដ្ឋធម្មនុញ្ញ ក្នុងការបង្កើតរាជរដ្ឋាភិបាលពី ២ភាគ៣ មក៥០បូក១វិញ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថានៅ កម្ពុជាគ្មានឡើយ។ សម្តេចបានបញ្ជាក់ថា បើកម្ពុជាមានវិបត្តិនយោបាយមែននោះ គឺកម្ពុជាមិនមានស្ថានការណ៍ដូចពេលបច្ចុប្បន្ននេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង