មន្ត្រីយោធាម្នាក់ បាញ់៣គ្រាប់ បណ្ដាលឲ្យបងថ្លៃរងរបួសធ្ងន់ កំពុងសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យកាលម៉ែត ក្រោយផ្ទុះហិង្សាជាមួយប្រពន្ធ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ បានទាញកាំភ្លើងបាញ់មួយប្រាវ ចំនួន៣គ្រាប់ បណ្ដាលឲ្យត្រូវចំបងថ្លៃរបស់ខ្លួន រងរបួសយ៉ាងទម្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសម្រាកព្យាបាល សង្គ្រោះអាយុជីវិតយ៉ាងបន្ទាន់ នៅមន្ទីរពេទ្យកាលម៉ែត។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោងប្រមាណជា៤៖៤០នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០  ស្ថិតនៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនបង្កឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ជាអនុសេនីយ៍ឯក ស្នាក់នៅកន្លែងកើតហេតុ (រត់គេចខ្លួនបាត់ហើយ)។ ឯជនរងគ្រោះជាបងថ្លៃឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសដៃទាំងសងខាង ត្រកៀកខាងឆ្វេង និងខ្នង)

មូលហេតុ៖ ជនបង្កជាមន្ត្រីយោធា បានទាស់ពាក្យសំដី បង្កទៅហិង្សាជាមួយភរិយារបស់ខ្លួន និងបានបាញ់ចំនួន៣គ្រាប់ បណ្ដាលឲ្យបងថ្លៃរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលជនរងគ្រោះទៅជួយឃាត់ (ប្ដី-ប្រពន្ធ) ពេលកំពុងកើតជម្លោះយ៉ាងខ្លាំង ហើយបង្កទៅជាអំពើហិង្សា ជាមួយភរិយារបស់ខ្លួន។

ក្នុងពេលនេះ កម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងអាវុជហត្ថ រាជធានីភ្នំពេញ បាននិងកំពុងតែបន្តតាមស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាមន្ត្រីយោធា ដែលកំពុងរត់គេចខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង