ស្នាដៃគំនូររបាំបុរាណខ្មែរ ៤៣ផ្ទាំងរបស់សិល្បករ សួស្តិ៍ សុដាវី តាំងបង្ហាញលើដំបូងនៅកម្ពុជា

ធ្លាប់បានដាក់តាំងស្នាដៃជាច្រើននៅឆាកអន្តរជាតិ មាននៅ ថៃ វៀតណាម មីយ៉ាន់ម៉ា សឹង្ហបុរី និងហុងគ្រី ធ្លាប់ឈ្នះពានរង្វាន់ផ្នែកសិល្បៈនៅប្រទេស ហុងគ្រី ធ្លាប់ឈ្នះពានរង្វាន់ “សិល្បករឆ្នើមប្រចាំឆ្នាំ២០១៦” នៅសាកលវិទ្យាល័យ Mahasarakham ប្រទេសថៃ។ នៅរសៀលថ្ងៃទី២៨ កុម្ភៈនេះ សិល្បករ លោក សួស្តិ៍ សុដាវី នឹងបើកការដាក់តាំងបង្ហាញស្នាដៃគំនូររបាំបុរាណខ្មែរ ៤៣ផ្ទាំង និងចម្លាក់របស់ខ្លួនលើកដំបូងនៅវិទ្យាស្ថានបារាំងរាជធានីភ្នំពេញ។

ស្នាដៃសិល្បរបស់សិល្បករលោក សួស្តិ៍ សុដាវី ដែលត្រូវតាំងនៅរសៀលថ្ងៃ២៨ខែកុម្ភៈ២០២០ នេះចង់បង្ហាញពី របាំបុរាណខ្មែរគឺក្បាច់របាំព្រះរាជទ្រព្យ។ គ្រប់ផ្ទាំងគំនូរទាំងអស់សិល្បកររូបនេះត្រូវបានគូសយ៉ាងផ្ចិតផ្ចង់បំផុត ក្រោមទម្រង់ជាវត្ថុសិល្បៈផង និងជាទស្សនិយភាពផង។ គ្រប់ផ្ទាំងមានលក្ខណៈជាស្នាដៃអណ្ដែតអណ្ដូង រសើប គំនូរទាំងនេះរំលេចឱ្យឃើញនូវភាពលាយឡំគ្នាបែបធម្មជាតិនៃដងខ្លួន និងចលនា ដែលបង្កើតបានជារបាំ។

សិល្បករ សួស្តិ៍ សុដាវី តែងតែនិយាយថា “របាំព្រះរាជទ្រព្យល្អពេកប្រៀបបានដូចជាផ្កាអញ្ចឹង ពោលគឺចង់ប្រៀបប្រដូចផ្កាទៅនឹងកាយវិការដៃរបស់អ្នករបាំ។ ខ្ញុំក៏ចង់បង្ហាញនូវសមុច្ច័យវត្ថុទាំងឡាយដែលនៅជុំវិញខ្លួនរាល់ថ្ងៃ ជាវត្ថុដែលជាចំណីនៃក្ដីស្រម័យរបស់ខ្ញុំ និងបង្ហាញឱ្យឃើញនូវភាពសម្បូរបែប និងភាពស្មុគស្មាញនៃឥស្សរភាពរបស់ខ្ញុំ។”

វិចិត្រករលោក សួស្តិ៍ សុដាវី កើតនៅឆ្នាំ១៩៥៥ សួស្តិ៍ សុដាវី គឺជាសិល្បករខ្មែរមួយរូបផ្នែកគំនូរ លោកបានរស់នៅ និងទទួលបានការបណ្ដុះបណ្ដាលនៅបណ្ឌិតសភាវិចិត្រសិល្បៈក្រុង ប៊ុយដាប៉ែស្ត៍ ប្រទេសហុងគ្រី រយៈពេល១០ឆ្នាំក្រោយត្រឡប់មកកម្ពុជានៅឆ្នាំ១៩៩៤ លោកបានធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងតំណែងជាអនុប្រធាននាយកដ្ឋានសិល្បៈ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ពិពរណ៌ស្នាដៃគំនូររបស់វិចិត្រករ សួស្តិ៍ សុដាវី នៅវិទ្យាសា្ថនបារាំងមានរយៈពេល១ខែ តាំងចាប់ពីថ្ងៃ ២៨ កុម្ភៈ រហូតដល់ ២៨ មីនា ឆ្នាំ ២០២០៕

រូបថត៖ ​ផ្តល់ដោយវិទ្យាស្ថានបារាំង

អត្ថបទដែលជាប់ទាក់ទង