មន្ត្រីយោធាម្នាក់ ត្រូវបានក្រុមចោរ ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់និងវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច​ !

ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ត្រូវបានក្រុមចោរ ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់និងវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ទាំងដែលនៅក្បែរក្លៀកប៉ូលិសប៉ុស្តិ៍ទួលសង្កែ២ប្រមាណជា ២០០ ម៉ែត្រ ។

ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១៨០០ កែងនឹងផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី ២​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ រាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ជាមន្ត្រីយោធានៅបន្ទាយ៩៩ ស្នាក់នៅបុរីវិមាន ខណ្ឌឫស្សីកែវបានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ០១- ១-១៧០៦ ចេញពីជួបជុំមិត្ត​ភក្កិនៅម្ដុំវត្តសំរោងអណ្តែត បំណងជិះទៅផ្ទះនៅបូរីវិមានភ្នំពេញពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកពីក្រោយរួចបក្ខពួកដែរអង្គុយនៅខាងក្រោយ បានដកកំភ្លើងភ្ជង់ខ្នងគាត់ជាប់ រួចគៀរអែបចិញ្ចើមផ្លូវឲ្យឈប់ហើយបានដកកាំភ្លើងវាយទៅលើគាត់ចំមួកសុវត្ថិភាពរបស់គាត់បណ្ដាលឲ្យបែកកញ្ចក់ ហើយប្លន់យកម៉ូតូគាត់ជិះគេចខ្លួនដោយសុវត្ថិភាពតែម្តង ។ ចំណែកគាត់ជាជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង