ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០!

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បន្ទាប់ពីបានដំណើរការពិភាក្សាយ៉ាងផុលផុសអស់រយៈពេលពេញ១ថ្ងៃ ត្រូវបានធ្វើពិធីបិទនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងមេបញ្ជាការយោធភូមិភាគពិសេស ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុក មេបញ្ជាការការកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត និង អាជ្ញាធរ ឃុំ សង្កាត់ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ឌឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថាៈ រយៈពេល១ថ្ងៃមកនេះ អង្គសន្និបាត បានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា ដែលរដ្ឋបាល អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តនាឆ្នាំ២០១៩ កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅ នឹង តម្រូវការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​ក្នុងបរិបទនៃការកំណែទម្រង់​រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈ ការ និង សហវិមជ្ឈការ ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុនក៏បានសម្តែងនូវការកោតសរសើរ និង ធ្វើ ការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ។ ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាបន ហើយសម្រេចបានតាមផែនការសកម្មភាពរបស់ខ្លួន របស់ខ្លួន ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថាៈ ការអភិវឌ្ឍ កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។ ក្នុងឆ្នាំ២០២០នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។
ឯកឧត្តមបណ្ឌិត ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។

ឯកឧត្តមបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និ​បាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើកការងារសន្តិសុខ សុវត្ថិភាព និងជម្រុញបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ការទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាគ្រឿងញៀន ព្រមទាំងខិតខំបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយវេទិកាសាធារណៈ នៅតាមមូលដ្ឋាន និង ការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ។

នៅក្នុងឱកាសនោះគណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនដល់មន្រ្តីរាជការដែលមានស្នាដៃក្នុងបំពេញការងារនាពេលកន្លងមកផងដែរនិងប្រគល់ប័ណ្ណសរសើរជូនអាជ្ញាធរមូលដ្ឋាន​ដែលបានខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង