គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀត បានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកម្នាក់ទៀតគ្រាន់តែរងរបួសស្រាល

(កំពង់ឆ្នាំង)៖ មនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀត បានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកម្នាក់ទៀតគ្រាន់តែរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿង បុកគ្នាពេញទំហឹង កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ នៅផ្លូវជាតិលេខ៥៣ មុខទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា បុរសម្នាក់ ដែលស្លាប់នៅនឹងកន្លែង មានឈ្មោះ ហេង លីហ្សា អាយុ២៩ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ នៅភូមិទី១ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ជិះម៉ូតូធំអត់ស្លាកលេខ។ ចំណែកជនរងគ្រោះដែលបានស្លាប់នៅមន្ទីរពេទ្យមានឈ្មោះ សឿង វិចិត្រ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1D.1417 ។ ដោយឡែកអ្នករងរបួសស្រាល មិនស្គាលអត្តសញ្ញាណទេ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1GX. 4292 (គេចខ្លួន)។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហេង លីហ្សា ជិះម៉ូតូធំ ក្នុងដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ចំណែកជនរងគ្រោះឈ្មោះ សឿង វិចិត្រ និងម្នាក់ទៀតដែលរងរបួសស្រាល បានជិះម៉ូតូស្របគ្នាពីកើតមកលិចក្នុងល្បឿនលឿន ដូចគ្នា ហើយក៏បានបុកគ្នាពេញទំហឹងនៅមុខទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បណ្តាលឲ្យស្លាប់ និងរបួសដេករណូករណែលពេញថ្នល់តែម្តង។ ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង