ចំនួនមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ២,៧៤៤នាក់ និងឆ្លងសរុប ៧៨,៤៩៧ករណី

(អន្តរជាតិ)៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ២,៧៤៤នាក់ និងឆ្លងសរុប ៧៨,៤៩៧ករណី។

គួរម្លឹកផងដែរថា កាលពីថ្ងៃពុធម្សិលមិញនេះ មនុស្សសរុប ៤៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ២៩នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង ២៩នាក់ខាងលើនេះគឺមាន ២៦នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei), ម្នាក់នៅរដ្ឋធានីប៉េកាំង, ម្នាក់នៅហៃឡុងជាំង និងម្នាក់ទៀតខេត្តហេណាន។

ដោយឡែនៅឯប្រទេសអ៊ីតាលីឯនោះវិញ ចំនួនអ្នកឆ្លងវីរុស COVID-19 បានកើនដល់ ៤០០ករណីហើយ ខណៈមនុស្សស្លាប់សរុបវិញបានកើនឡើងដល់ ១២នាក់។
បើតាមអាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា ការឆ្លង២៦ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅល្ងាចថ្ងៃពុធ នៅតំបន់ធំៗចំនួនពីរគឺឡុមបាឌី (Lombardy) និងវែនណេតូ (Veneto) ដែលស្ថិតនៅក្បែរខាងគ្នា។ តំបន់ទាំងពីរនេះ គឺស្ថិតនៅភាគខាងជើង ប្រទេសអ៉ីតាលី ដោយមានទីក្រុងហិរញ្ញវត្ថុ មីឡេន (Milan) ស្ថិតនៅក្នុងនោះផងដែរ។

តំបន់ Lombardy មានអ្នកឆ្លងមេរោគ COVID-19 ដែលត្រូវបានរកឃើញសរុប ២៥៨ករណី ខណៈតំបន់ Veneto វិញមានសរុប ៧១ករណី, ក្រុង អេមីលៀ រ៉ូម៉ាញ៉ា ៤៧ករណី, ក្រុងលីហ្គឺរៀ ១១ករណី និងបណ្តាក្រុងតូចៗមួយចំនួនទៀតសរុបចូលគ្នា ចំនួន ១១ក្រុង សុទ្ធតែមានករណីឆ្លង COVID-19 ទាំងអស់។

បច្ចុប្បន្នតំបន់ធំៗទាំងពីរខាងលើនេះ ត្រូវបានរដ្ឋាភិបាលអ៉ីតាលីបិទទ្វារ ដើម្បីបង្ការកុំឲ្យមានការរីករាលដាលមេរោគ COVID-19 ទៅកាន់តំបន់ផ្សេងៗទៀត ខណៈប្រជាជននៅតំបន់ទាំងពីរនេះ មានសរុបជាង ១០,០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង