​រោគ​សញ្ញា​មួយ​ចំនួននេះ​ដែល​បង្ហាញ​ថា​រាងកាយ​អ្នក​កំពុង​រង​បញ្ហា​ដោយ​សារ​តែ​ស្ត្រេស

បច្ចុប្បន្ន​នេះ ភាព​តានតឹង ឬ​ស្ត្រេស​ហាក់​ក្លាយ​ជា​រឿង​ធម្មតា​មួយ​ទៅ​ហើយ ខណៈ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​ស្ត្រេស។ ប៉ុន្តែ​បើ​គ្រប់​យ៉ាង​ប្រែប្រួល​ជា​មិន​ប្រក្រតី អ្នក​​មិន​គួរ​បណ្ដោយ​ត​ទៅ​ទៀត​ឡើយ គឺ​គួរ​​​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​រាងកាយ​អ្នក​កំពុង​រង​បញ្ហា​ដោយ​សារ​តែ​ស្ត្រេស៖

១. ផ្ដាសាយ​ញឹកញាប់

ភាព​តានតឹង​ច្រើន​នឹង​អាច​ផលិត​​ជា​អ័រម៉ូន Cortisol ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ចុះ​ខ្សោយ និង​ឆាប់​ផ្ដាសាយ បើ​ទោះ​បី​អាកាសធាតុ​មិន​សូវ​ត្រជាក់​ក៏​ដោយ។

២. ជំងឹ​ក្រពះ និង​ពោះវៀន

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​បញ្ជាក់​ថា​ភាព​តានតឹង​​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រពះ និង​ពោះវៀន​របស់​យើង។ ពេល​ខ្លះ​សូម្បី​ថ្នាំ​ក្រពះ​​​ធម្មតា​ក៏​មិន​អាច​ព្យាបាល​ជំងឺ​ក្រពះ​ដោយ​សារ​ស្រ្តេស​នេះ​បាន​ដែរ ដូច្នេះ​អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​វិធី​ព្យាបាល​ដែល​ត្រឹមត្រូវ។

៣. អារម្មណ៍​មិន​មូល

អ្នក​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​អាច​ផ្ដោត​អារម្មណ៍​​មូល​​លើ​ការងារ នៅ​ពេល​ពួក​គេ​ស្ត្រេស​យូរ​ខ្លាំង​ពេក។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការងារ​កាន់​តែ​យឺត និង​ពិបាក​ប្រមូល​អារម្មណ៍​ជាង​ធម្មតា ហើយ​ក៏​ជះ​ឥទ្ធិពល​លើ​លទ្ធផល​​ការងារ​អ្នក​តាម​នោះ​ដែរ។

៤. ជ្រុះ​សក់

ដឹង​អត់​ថា​ស្រ្តេស​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​​ទំពែក​បាន​ដែរ? ដូច្នេះ​បើ​អ្នក​​ទទួលទាន​វីតាមីន​សមរម្យ​ហើយ​នៅ​តែ​មិន​មាន​លទ្ធផល​លើ​អាការ​ជ្រុះ​សក់ នោះ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ ហើយ​ព្យាយាម​សម្រាក និង​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​។

៥. ឈឺ​ក្បាល

មាន​មូលហេតុ​ច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ឈឺ​ក្បាល ដូច​ជា​ការ​គេង​​​​ខុស​ឥរិយាបថ សម្ពាធ​ឈាម​ទាប​ពេក ឬ​ខ្ពស់​ពេក ការ​មាន​ផ្ទៃ​ពោះ។ល។ ក្នុង​ចំណោម​នោះ​ ស្ត្រេស​ក៏​អាច​ឲ្យ​អ្នក​ឈឺ​ក្បាល​បាន​ដែរ។

៦. បាត់​ចំណង់​ផ្លូវ​ភេទ

ស្រ្តេស​ក៏​ជាមូលហេតុ​មួយ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​នៃ​ចំណង់ផ្លូវ​ភេទ​របស់​អ្នក​ដែរ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​បាន​ចេញ​ទៅ​ណា​ជាមួយ​ដៃ​គូ​យូរ​ហើយ អ្នក​គួរ​រៀប​ចំ​អីវ៉ាន់​ទៅ​វិស្សមកាល​ជាមួយ​គ្នា​មួយ​រយៈ​ដើម្បី​កម្ចាត់​អារម្មណ៍​ស្រ្តេស និង​ជួយ​ឲ្យ​ទំនាក់ទំនង​អ្នក​រឹងមាំ​ឡើង​វិញ។

៧. គេង​មិន​លក់

អ្នក​នឹង​ពិបាក​គេង​លក់​នៅ​ពេល​មាន​អារម្មណ៍​ស្រេ្តស​ខ្លាំង ហើយ​ជំងឺ​គេង​មិន​លក់​នេះ​គឺ​កើត​ឡើង​​ច្រើន​តែ​ម្ដង ​ចំពោះ​អ្នក​ដែល​​រង​សម្ពាធ​តានតឹង​នេះ។​ បើ​អ្នក​សាក​ល្បង​ញ៉ាំ​ថ្នាំ​ងងុយ​គេង​ហើយ​ក៏​មិន​មាន​ប្រសិទ្ធភាព សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ទៅ ព្រោះ​នេះ​មិន​មែន​ជា​សញ្ញា​ល្អ​នោះ​ទេ។

៨. ជំងឺ​សរសៃ​ឈាម​បេះដូង

ស្ត្រេស​អាច​បង្ក​ជា​ជំងឺ​បេះដូង​ជា​ច្រើន ដូច្នេះ​បើ​អ្នក​ចង់​រស់​នៅ​បាន​សប្បាយ និង​មាន​សុខភាព​ល្អ សូម​កុំ​​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ស្រេ្តស​ច្រើន​ខ្លាំង​ពេក។

៩. ជំងឺ​ស្បែក

ស្រ្តេស​ក៏​ជា​មូលហេតុ​នៃ​ជំងឺ​សើស្បែក​នានា រួម​ទាំង​​ មុន ដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ជំងឺ​ស្រ្តេស​កម្រិត​ខ្ពស់​មាន​ទំនាក់ទំនង​ផ្ទាល់​តែ​ម្ដង​ជាមួយ​ជំងឺ​ស្បែក។

១០. ទម្ងន់​ប្រែប្រួល

បើ​​​អ្នក​​​មាន​របប​អាហារ​ត្រឹមត្រូវ និង​ហាត់ប្រាណ​ទៀងទាត់​ក៏​​ទម្ងន់​នៅ​តែ​ប្រែប្រួល​ខុស​ប្រក្រតី នោះ​អាច​បណ្ដាល​មក​ពី​ជំងឺ​ស្ត្រេស​ហើយ។ ភាព​តានតឹង ឬ​ស្រ្តេស​ផលិត​អ័រម៉ូន cortisol ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ ដោយ​រារាំង​ដល់​ការ​ដុត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ។

ក្នុង​ករណី​ខ្លះ​ វា​ក៏​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ដែរ នៅ​ពេល​អ័រម៉ូន adrenaline កើន​ឡើង​ក្នុង​ឈាម ដែល​អ័រម៉ូន​នេះ​​នឹង​ពន្លឿន​ការ​រំលាយ​អាហារ និង​ពន្យឺត​ការ​បញ្ចេញ​សារធាតុ​ខ្លាញ់​ក្នុង​រាងកាយ ៕

ប្រភព៖ lifehack

អត្ថបទដែលជាប់ទាក់ទង