បើករថយន្ត ដូចហោះបុកយានយន្តជាច្រើនគ្រឿង បណ្ដាលឱ្យនារីម្នាក់បាត់បង់ជីវិត និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ អត្តសញ្ញាណជនដែលបើករថយន្ត ដូចហោះបុកយានយន្តជាច្រើនគ្រឿង បណ្ដាលឱ្យនារីម្នាក់បាត់បង់ជីវិត និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ គឺមានឈ្មោះ ជុន រាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ ជាមន្រ្តីយោធានៅអង្គភាព ង៧០ រីឯនារីដែលស្លាប់ មានឈ្មោះ ហូន ឬទ្ធី អាយុ២០ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ ។

សូមជម្រាបថា យ៉ាងហោចណាស់ នារីម្នាក់បានស្លាប់ភ្លាមៗ និងមនុស្ស៤នាក់ទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ រថយន្ត បុករះយានយន្តជាច្រើនគ្រឿង កាលពីវេលាម៉ោង១២ និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះដែលស្លាប់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហ្សូមើអិច ពាក់ស្លាកលេខកណ្ដាល1X-7104 បើកបរដោយបុរសម្នាក់ ឈ្មោះ ដូត សេង អាយុ២៨ឆ្នាំ ជាចុងភៅ មានស្រុកកំណើត ស្រុកព្រៃកប្បាសខេត្តតាកែវ ( រងរបួសធ្ងន់ ) បានធ្វើដំណើរ តាមផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច រីឯរថយន្តបង្ក ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតម៉ូតូរងគ្រោះ ពេញទំហឹង ។ រថយន្តបង្កបានបន្ត ទៅបុករះរថយន្តមួយគ្រឿង ( ម៉ាកតូយ៉ូតាព្រូស និងម៉ូតូចំនួន៨គ្រឿង ដែលចតស្ងៀមនៅមុខហាង ) បណ្ដាលឱ្យរបួស៣នាក់ទៀត ។

ភ្លាមៗគេឃើញមាន មនុស្សប្រុសស្រីជាច្រើននាក់ បានរងរបួសរណូករណែល ក្នុងនោះមាននារីម្នាក់ បានបាត់បង់ជីវិត ។ អ្នករងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯ តៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ សពនារីរងគ្រោះ ត្រូវបានតម្កល់ទុក នៅវត្តទឹកថ្លា ៕

អត្ថបទដែលជាប់ទាក់ទង