ចាស់ជរាក្រីក្រជួបការលំបាកចំនួន៤៥គ្រួសារ ស្ថិតក្នុង ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយផ្ទាល់ដៃ ជាគ្រឿងឧបភោគ បរិភោគរួមនឹងថវិកា ពីក្រុមការងារ និងសប្បុរសជន

 

(កំពង់ឆ្នាំង)៖ ចាស់ជរាក្រីក្រជួបការលំបាកចំនួន៤៥គ្រួសារ ស្ថិតក្នុងភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយផ្ទាល់ដៃ ជាគ្រឿងឧបភោគ បរិភោគរួមនឹងថវិកា ពីក្រុមការងារ និងសប្បុរសជន កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តអំពិលទឹក និងជាព្រះអនុគណស្រុកកំពង់ត្រឡាច ទីព្រឹក្សារាជរដ្ឋាភិបាលលោកជំទាវ ដោក សុទ្ធា ព្រះមង្គលានុរ័ក្ខ អំសៃ ព្រះរាជាថ្នាក់កិត្តិយសជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឬទ្ធិ និងមានការចូលរួមពីអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីអនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត អស់លោកលោកស្រីជាសប្បុរសជន។អំណោយដែលបាននាំយកមកចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកស៊ីអីវ៣យួរ ទឹកត្រី៣យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ក្រមា១ សម្លៀកបំពាក់១សម្រាប់ ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។ ទីប្រឹក្សារាជរដ្ឋាភិបាលលោកស្រី ដោក សុធា បានមានប្រសាសន៍លើកឡើងថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា នៅពេលត្បិតតែមានតិចតួចក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនបានយកមកចែកជូនដោយផ្ទាល់ដៃ។លោកស្រីជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលបាននាំនូវការសាកសួសុខទុករបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកទាំងពីរតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។ លោកស្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំង៤៥ គ្រួសារ សូមគិតគូរពីសុខភាពការរស់នៅស្អាត ហូបស្អាត អនាម័យល្អជៀសផុតពីជំងឺតម្កាត់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង