សម្តេចតេជោ បានដាស់តឿនកុំឲ្យមានករណី ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្ត៥……

(ភ្នំពេញ)៖ ក្នុងពិធីចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃ ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នេះ

សម្តេចនាយករដ្ឋមន្រ្តីបានដាស់តឿនដល់មន្រ្តីទំាងអស់ត្រូវចេះធ្វើការឲ្យមានប្រសិទ្ធភាពពិសេសការឆ្លើយតបចំពោះស្ថានភាពចៃដន្យ។ ភាពចៃដន្យ ក្នុងពេលដែលពិភពលោក ប្រឈមនឹងជំងឺវីរុសកូរ៉ាណា និងសង្រ្គាមពាណិជ្ជកម្មពិភពលោកនោះ គឺមន្រ្តីត្រូវចេះធ្វើការ ចេះដោះស្រាយបញ្ហាដែលកើតឡើងជាយថាហេតុ។

សម្តេចបានលើកឡើងថានៅក្នុងស្ថានការណ៍បែបនេះ នឹងលេចឡើងនូវមន្រ្តីពីរប្រភេទ ជាពិសសេសមន្រ្តីដែលចំាតែរាយការណ៍ទៅថ្នាក់លើហើយបន្ទោសមន្រ្តីថ្នាក់ក្រោម។ សម្តេចថាមន្រ្តីប្រភេទ នេះមិនចេះទទួលកំហុសខ្លួនឯងនោះទេ ហើយចំាតែអនុសាសន៍មិនចេះធ្វើអ្វីទំាងអស់។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា មន្រ្តីដែលចំាតែទទួលអនុសាសន៍មិនគួរមានទៀតឡើយ។ ប្រមុខរាជរដ្ឋាភិបាល គូសបញ្ជាក់ថា “សូមអស់លោកធ្វើការតាមព្រះរាជ្យក្រិត្យ អនុក្រិត្យ និងច្បាប់ទៅ មិនបាច់សូមអនុសាសន៍នោះឡើយ”។

ជាមួយគ្នានេះ សម្តេចបានដាស់តឿនកុំឲ្យមានករណី ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្ត៥។ ករណីខាងលើនេះ នឹងធ្វើឲ្យការងាររបស់មន្រ្តីនោះមិនទៅមុខ ហើយបង្កើតជារឿងនៅក្នុងសង្គម ហើយដោយសារតែប្រពន្ធ កូន យកឥទ្ធិពលរបស់ប្តីនិងឪពុកប្រើ ធ្វើឲ្យពលរដ្ឋខឹងសម្បាទៀតផង។ ឆ្លៀតឱកាសនោះសម្តេចបានលើករឿងមន្រ្តីគ្រាប់ល្ពៅ មករំលឹកដាក់តឿន ដល់មន្រ្តីផងដែរ។

សូមជម្រាបថា សាលាភូមិន្ទរដ្ឋបាល ជាថ្នាលបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ ។ សិក្ខាកាមដែលសិក្សានៅសលានេះ ជាមន្រ្តីថ្នាក់ជាតិនិងក្រោមជាតិ។ សម្តេចនាយករដ្ឋមន្រ្ត កាលពីមុន តែងតែអញ្ជើញធ្វើជាគ្រូបង្គោលបណ្តុះបណ្តាលនៅសាលានេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង