សម្ដេចតេជោ ហ៊ុន សែន ​បានប្រកាសថា រដ្ឋាភិបាលធានាជួយរកការងារជូនកម្មករ-កម្មការិនីណាដែលបាត់បង់ការងារធ្វើក្នុងពេលកម្ពុជាទទួលរងផលប៉ះពាល់ពី…….

នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានប្រកាសថា រដ្ឋាភិបាលធានាជួយរកការងារជូនកម្មករ-កម្មការិនីណាដែលបាត់បង់ការងារធ្វើក្នុងពេលកម្ពុជាទទួលរងផលប៉ះពាល់ពីវីរុស Covid-19 ដោយសាររោងចក្រផ្គត់ផ្គងើវត្ថុធាតុដើមនៅចិនផ្អាកការនាំចេញ និងផលប៉ះពាល់ពីការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) ។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ថ្មីៗ​ពាក់ព័ន្ធ​នឹង​កម្ពុជា សម្ដេច ហ៊ុន សែន បញ្ជាក់ថា វីរុស COVID-19 និងការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយរដ្ឋាភិបាលធានាជួយថែលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង លំនឹងបណ្ដារោងចក្រសហគ្រាសផងដែរ ។

ចំណែកឯរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំង ប្រមុខរដ្ឋាភិបាលនឹងជួយជ្រោមជ្រែងដើម្បីឱ្យរោងចក្រទាំងនោះ អាចដំណើរប្រតិបត្តិការរបស់ខ្លួនបន្តទៀត ។ដោយឡែកបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថាការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប នឹងបណ្ដាលឱ្យកម្មករ កម្មការិនី រាប់ពាន់អ្នកអាចប្រឈមនឹងការបាត់បង់ការងារ ហើយកត្តានេះក៏បណ្ដាលឱ្យមានភាពក្រីក្រកើនឡើង ។ មួយចំនួនធំនៃស្ត្រីនៅកម្ពុជាគឺជាអ្នកធ្វើការរោងចក្រ និងជាអ្នករកប្រភពចំណូលដល់គ្រួសាររបស់ពួកគេ ។ យ៉ាងណាក្ដីបន្ទាប់ពីប្រមុខរដ្ឋាភិបាលបានប្រកាសនូវគោលជំហររឹងមាំដូច្នេះ ក៏អាចជួយកាតើបន្ថយការព្រួយបារម្ភខ្លាំងពីសំណាក់បងប្អូន កម្មករ កម្មការិនី ៕

អត្ថបទដែលជាប់ទាក់ទង