ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គឺជាយន្តការប្រមូលធាតុផ្សំចំពោះអ្នកដែលមានទឹកចិត្តមកពីប្រភពផ្សេងគ្នាដើម្បីធ្វើឲ្យTYDA មានលទ្ធភាពជួយយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋព្រមទាំងផ្ដល់ក្តីសង្ឃឹម ស្នាមញញឹម ដល់ប្រជាពលរដ្ឋគ្រប់រូបភាព នៅតាមគោលដៅតាមរយៈការចុះព្យាបាលពួកគាត់ដោយឥតគិតថៃ្ល។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល សមាគម TYDA បានថ្លែងអំណរគុណចំពោះការចូលរួម និងការជឿទុកចិត្ត លើសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងបានធ្វើសកម្មភាពមនុស្សធម៌ដោយបេះដូង និងវិជ្ជាជីវៈ ដើម្បីជួយដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋប្រកបដោយនិរន្តរភាព។ ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកថា នេះគឺជាមោទនភាព និងក្តីសង្ឃឹមរបស់សមាគមTYDA ហើយសូមបន្តសកម្មភាពមនុស្សធម៌នេះ ប្រកបដោយបេះដូង ទឹកចិត្ត និងវិជ្ជាជីវៈ ជាបន្តទៀត ដើម្បីជួយប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ប្រទេសយើងតូច ប៉ុន្តែយើងមានបេះដូងធំធ្វើការដោយយកចិត្តទុកដាក់។ នេះគឺជាការសំរេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដោយឈរលើគោលការណ៍មនុស្សធម៌ និងគុណធម៌ចំពោះមនុស្សជាតិ គ្រប់ជាតិសាសន៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងតែជួបបញ្ហានៅលើមហាសមុទ្រ។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា « ចូលយើងសាកគិតមើលបន្តិចមើល! តើគួរឲ្យអាណោចអាធ័មប៉ុណ្ណា នៅពេលដែលមនុស្សនៅលើនាវានៅលើមហាសមុទ្រកំពុងតែជួបបញ្ហា ហើយត្រូវបានប្រទេសមួយចំនួនគេរើសអើងមិនជួយ និងមិនអនុញ្ញាតឲ្យនាវានេះចូលចត? តើជីវិតរបស់មនុស្សនៅលើនាវាទៅជាយ៉ាងណា? នេះគឺជាការសំរេចចិត្តប្រកបដោយ ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាប្រកបដោយទឹកចិត្តមនុស្សធម៌ និងគោលការណ៍គោរពសិទ្ធិមនុស្ស ដែលផ្ទុយពីមនុស្សមួយចំនួនមានភាពខ្លាចជ្រុល ដែលនាំឱ្យមានការរើសអើង និងបាត់ម្ចាស់ការចំពោះការជួយសង្គ្រោះ ជីវិតមនុស្ស។

អត្ថបទដែលជាប់ទាក់ទង