សម្តេចតេជោ ហ៊ុន សែន ប្រកាសនូវវិធានការបន្ទាន់ ៣ ចំណុច ដើម្បីដោះស្រាយផលប៉ះពាល់ពីជំងឺ ខូវីត ១៩
(ភ្នំពេញ)៖ ក្នុងពេលបើកកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជំងឺខូវីត ១៩ បានបង្កផលប៉ះពាល់លើវិស័យ២ គឺទេសចរណ៍ និងកាត់ដេរ។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏មិនអោបដៃនៅស្ងៀម លើសហគ្រាសរោងចក្រ ដែលរងផលប៉ះពាល់នោះឡើយ។
សម្តេចតេជោ ប្រកាសថា ក្នុងស្មារតីបុរេសកម្ម នៅថ្ងៃនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការបន្ទាន់ ៣ ចំណុច៖
១-ជួយដល់ក្រុមហ៊ុន សហគ្រាស ដែលរងផលប៉ះពាល់
២-ជួយកម្មករ ដែលបាត់បង់ការងារ
៣-ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម
សម្តេចតេជោ បន្ថែមថា រាជរដ្ឋាភិបាលធានារកការងារជូនកម្មករកាត់ដេរ បើសិនជាបាត់បង់ការងារ។ បើមិនទាន់ចង់ធ្វើការ កម្មករកាត់ដេរ អាចចូលរៀនជំនាញ ដោយមានប្រាក់ខែសមរម្យ។ នេះជាកញ្ចប់វិធានការ ដើម្បីរក្សាលំនៅក្រុមហ៊ុនសហគ្រាស និងកម្មករនិយោជិត៕