ស្នងការនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿងគំរាមកំហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយជាសាធារណៈ បានហើយ និងឃាត់ខ្លួនជនសង្ស័យម្នាក់

(កណ្តាល)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យ ដែលមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីសំណាក់ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿងគំរាមកំហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយជាសាធារណៈ បានហើយ និងឃាត់ខ្លួនជនសង្ស័យម្នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ម្សិលមិញ ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងថ្ងៃកើតហេតុនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រើអាខោនហ្វេសប៊ុក ឈ្មោះ “កូននាក់ព្រៃវែង កូនអ្នកស្រែ និង Sav Van Ryzin”។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានប្រាប់ថា នៅថ្ងៃខែមិនចាំ ឆ្នាំ២០១៧ ជនរងគ្រោះ បានស្គាល់ និងធ្វើការក្នុងរោងចក្រជាមួយឈ្មោះ អ៊ឹម អូន នៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយមកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា។ បន្ទាប់ពីស្រលាញ់គ្នា បានមួយរយៈមក នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៨ អ្នកទាំងពីរបានរួមរស់ជាមួយគ្នា ហើយឈ្មោះ អ៊ឹម អូន តែងតែថតរូបអាក្រាតកាយរបស់ជនរងគ្រោះទុក។ នៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ជនរងគ្រោះបានដឹងថាឈ្មោះ អ៊ឹម អូន មានប្រពន្ធ និងមានកូនពីរនាក់ទៀត។ នាងក៏សុំបែកគ្នា ប៉ុន្តែឈ្មោះនេះមិនព្រមទេ ថែមទាំងនិយាយគំរាមកំហែងថា បើអញមិនបាន អ្នកណាក៏មិនបានដែរ ហើយបើហ៊ានរៀបការ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតែម្ដង។ លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ បានភ្ជាប់ពាក្យជាមួយឈ្មោះ ហាក់ ឡុងហេង ក្រោយពីភ្ជាប់ពាក្យរួចបាន២ថ្ងៃ ឈ្មោះ អ៊ឹម អូន បានឆាតប្រាប់នាងថា មិនឲ្យរៀបការទេ បើមិនដូច្នោះ ខ្លួននឹងធ្វើឲ្យនាងត្រូវសងបណ្ណាការគេ និងគំរាមសម្លាប់ជាច្រើនលើកច្រើនសា ដោយឈ្មោះនេះ បានប្រើអាខោនហ្វេសប៊ុក ឈ្មោះ Sav Van Ryzin និងឈ្មោះកូននាក់ព្រៃវែង ហើយថែមទាំងផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួន ទៅគូដណ្តឹង និងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នាង បានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ។

ទង្វើរបស់ឈ្មោះ អ៊ឹម អូន ធ្វើឲ្យឈ្មោះជនរងគ្រោះ និងក្រុមគ្រួសារត្រូវសងថ្លៃបណ្ណាការទៅគូដណ្តឹង និងថ្លៃសំអាងការ ចុងភៅ និងផ្សេងៗទៀតជាច្រើន សរុបជិតមួយម៉ឺនដុល្លារ។ ដោយឡែកជនសង្ស័យឈ្មោះ អ៊ឹម អូន បានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាមកំហែងជនរងគ្រោះថា នឹងមិនឲ្យបានសេចក្ដីសុខទេ បើសិនជាហ៊ានរៀបការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ និងបានផ្ញើរូបអាក្រាតកាយ ដេកជាមួយគ្នាទៅឲ្យ បងប្អូន ឪពុក ម្ដាយ និងគូដណ្ដឹង របស់ជនរងគ្រោះ បានដឹងទាំងអស់គ្នា ទៅអាខោនហ្វេសប៊ុកឈ្មោះ ១-srey ka 2-ណា រាជ ៣-ផាន់ ណា ៤-នួន វណ្ណី ពិតប្រាកដមែន។ ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង