លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​យោធភូមិភាគ​ទី​៣

(កំពង់ស្ពឺ)​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​យោធភូមិភាគ​ទី​៣ ក៏ដូចជា​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ នៅ​ក្នុង ការបំពេញភារកិច្ច​ថែរក្សា​ការពារ​សុខ​សន្តិភាព​, ស្ថិរភាព និង​ការ​ការពារ​បូរណភាពទឹកដី ក៏ដូចជា​ការចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ការ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ដែល​ជា​កិច្ច​ការសំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ខឿន​ការពារ​ជាតិ ហើយ​ទោះបីជា​មានការ​លំបាក​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយ​ចំនួន ប៉ុន្តែ​បាន​តស៊ូ​ជម្នះ​ដោយ​គំនិត​ច្នៃប្រឌិត និង​មានការ​ចូលរួម​របស់​យោធិន​ទាំងអស់ រហូត​សម្រេច​បាន​លទ្ធផល និង​ស្នាដៃ​ការងារ​ល្អ​ប្រសើរ​ជាច្រើន​គួរ​ជាទី​មោទនៈ​។

ការលើកឡើង​បែបនេះ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើនៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​៣ នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា ពិធី​នេះ គឺជា​ឱកាស​មួយ​ដ៏​សមស្រប​សម្រាប់​ធ្វើ​ការពិនិត្យ បូកសរុប និង​វាយតម្លៃ​អំពី​សកម្មភាព​អនុវត្ត​ផែនការ​ក្នុង​ឆ្នាំ​ចាស់​កន្លងទៅ ដើម្បី​បន្ត​អនុវត្ត​ទិសដៅ​ឆ្នាំ​ថ្មី ២០២០ តាមរយៈ​ការ​ក្តាប់​ជាប់​នូវ​គោល​គំនិត​ដឹកនាំ របៀបរបប​ប្រព័ន្ធ​ការងារ និង​ការពិភាក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍ បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ សំដៅ​ធានា​សភាពការណ៍​ទិសដៅ​ការងារ ស្របតាម​បទបញ្ជា សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​, ក្រសួងការពារជាតិ​, អគ្គបញ្ជាការដ្ឋាន និង​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ដាក់​ចេញ ក៏ដូចជា​ប្រសិទ្ធភាព​ការងារ និង​មូលដ្ឋាន​ការងារ​រយៈពេល​វែង​។​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គោលដៅ​សំខាន់​ពីរ នៃ​គោលនយោបាយ​ការពារ​ជាតិ​របស់​រាជ​រដ្ឋាភិបាល គឺ​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការ​កសាង​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​មាន​ក្នុង​ពេល​បច្ចុប្បន្ន កំពុង​ផ្តល់​នូវ​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​សមត្ថភាព​កង​យោធពល​ខេមរភូមិន្ទ​។ ដូច្នេះ កង​យោធពល​ខេមរភូមិន្ទ​ផ្ទាល់​ត្រូវ​បន្ត​ជំរុញ​ផង​ដែរ​នូវ​ការកែទម្រង់​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដើរ​ទាន់​សន្ទុះ​ថ្មី​នៃ​ស្ថានភាព​អំណោយផល​នេះ​។ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ទាំង ៦ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្ត នៅ​ក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៣ ដែល​ចូលរួម​សហការ និង​គាំទ្រ​ដល់​ការងារ​របស់​កងយោធពលខេមរភូមិន្ទ ដោយ​រួម​សហការ​គ្នា ដើម្បី​បំពេញភារកិច្ច​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ជាតិ និង​សូម​អំណរគុណ​ចំពោះ​អង្គភាព​សម្ព័ន្ធ​មេត្រីភាព និង​សប្បុរសជន​នានា ដែល​តែង​បាន​ខិតខំ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​កង​យោធពល​ខេមរភូមិន្ទ ជាពិសេស​នៅ​ក្នុង​ដំណាក់​កាលដែល​ក​ង​យោធពលខេមរភូមិន្ទ កំពុង​ខិតខំ​ពុះពារ​សម្រេច​ឲ្យ​បាន​នូវ​ដំណើរ​ការ​កំណែទម្រង់​របស់​ខ្លួន ដើម្បី​កសាង និង​ពង្រឹង​ប្រៀប​ការពារ​ជាតិ​ឲ្យ​បាន​កាន់តែ​រឹងមាំ ធានា​បាន​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​៕

អត្ថបទដែលជាប់ទាក់ទង