កម្មករកាប់ជ្រូកម្នាក់ មិនចេះបើករថយន្តផង ឡើងបើកទៅបុកទម្លុះរបងទ្វារ និងហោះកាត់សួនការ៉ូឡាទ្រូងផ្លូវ បុកចូលផ្ទះលក់គ្រឿងអគ្គិសនីទាំងកំរោល

ភ្នំពេញ៖ កម្មករកាប់ជ្រូកម្នាក់ មិនចេះបើករថយន្តផង ឡើងបើកទៅបុកទម្លុះរបងទ្វារ និងហោះកាត់សួនការ៉ូឡាទ្រូងផ្លូវ បុកចូលផ្ទះលក់គ្រឿងអគ្គិសនីទាំងកំរោល បណ្ដាលឲ្យស្ដ្រីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២០ នៅកសិដ្ឋានកាប់ជ្រូក នៅតាមបណ្ដោយផ្លូវវេងស្រេង នៅក្នុងភូមិដំណាក់ធំ ៥ខណ្ឌសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ បានដើរយួរកន្ត្រកទៅផ្សារ ដោយដើរលើចិញ្ចើមផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិច ស្របពេលនោះក៏មានបុរសជាកម្មករកាប់ជ្រូក បានបើករថយន្តម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខ 2AB -9171 បើកបុកទម្លុះទ្វារបង និងបុកស្ត្រីដែលកំពុងដើរនោះ បណ្តាលឲ្យរបួស ហើយរថយន្តក៏បានហោះឆ្លងសួនពុះចែកទ្រូងផ្លូវ ទៅជ្រុលទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីមួយទៀត បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិ សរុបទាំងអស់ជាង៤ពាន់ដុល្លារឯណោះ​។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួគា បានដឹកយកមកសង្គ្រោះភ្លាមៗ។ រីឯអ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។ នៅមុខសមត្ថកិច្ច បុរសជាកម្មករកាប់ជ្រូកបានប្រាប់ឲ្យដឹងថា រូបគាត់ចង់ចេះបើករថយន្តខ្លាំងពេក ហើយពេលខ្លះ ក៏ធ្លាប់បានតៃកុងរថយន្តបង្រៀនបើកខ្លះៗដែរ ទើបពេលនេះគាត់ឡើងទៅបើកតែម្នាក់ឯងមិនដឹងថាជាន់ហ្រ្វាំងឬក៏ជាន់ហ្គែទេ ជ្រុលទៅបុករបង ហើយក៏ជ្រុលមកបុកផ្ទះលក់គ្រឿងអគ្គិសនីតែម្ដងទៅ។ ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅវាស់វែងយករថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង