បុរស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍រវាងរថយន្តធុនធំពីរបើកគៀរ និងបុកម៉ូតូមួយគ្រឿងផ្ទួនៗគ្នា

(បាត់ដំបង)៖ បុរស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍រវាងរថយន្តធុនធំពីរបើកគៀរ និងបុកម៉ូតូមួយគ្រឿងផ្ទួនៗគ្នា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងរវាងរថយន្តធុនធំពីរគ្រឿង មានម៉ាក UDV1 ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 3A-0589 បើកបរដោយឈ្មោះ ញាណ ណុំ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4072 បើកបរដោយឈ្មោះ ប៊ិន តឿ ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបុកម៉ូតូ០១គ្រឿងម៉ាកRSX ពណ៌ស លាយខ្មៅ បើកបរដោយឈ្មោះ ភាព ហៃជូ ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ធី សុខធា ភេទប្រុស អាយុ ១៩ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)។ អ្នកទាំងពីរនាក់រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា យោងតាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿងម៉ាក UD V1មួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង(បន្ទាយមានជ័យ បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូមួយគ្រឿងក្នុងទិសដៅច្រាស់គ្នាបណ្តាលឲ្យដួល។ ភ្លាមនោះ ក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងផ្សេងទៀត បានបើកបុកកិនពីបន្ថែមបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះផងដែរ។ ដោយឡែក អ្នកបើកបររថយន្តទាំង០២នាក់ រួមនឹង មធ្យោបាយទាំងបីគ្រឿង ត្រូវបានបញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង