បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីមានបុរសពីរនាក់ បើករថយន្ត១គ្រឿង មិនប្រយ័ត្នទៅបុកម៉ូតូរបស់ខ្លួន ហើយភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទ្បើយ

(ភ្នំពេញ)៖ បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីមានបុរសពីរនាក់ បើករថយន្ត១គ្រឿង មិនប្រយ័ត្នទៅបុកម៉ូតូរបស់ខ្លួន ហើយភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទ្បើយ ព្យាយាមបើកគេចខ្លួនចេញពីកន្លែងកើតហេតុ ដែលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោងជិត ១២យប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ តាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស័រគីឡែត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GN-1384 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦១។

លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ១០៦ តែខណ:ពេលឆ្លងបានបន្តិច ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក TOYOTAHARAIR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-1149 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូខាងលើពេញទំហឹង បណ្ដាលឲ្យបែកកាបាំងខាងមុខចំហៀងខាងស្តាំ រីឯអ្នកបើកម៉ូតូរងរបួសបែកមុខបែកមាត់។ ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យតែម្ដង។

មួយស្ទុះក្រោយមក ស្រាប់តែអ្នកបើករថយន្ត បាននាំគ្នាឡើងលើរថយន្ត បំណងព្យាយាមបើកគេចខ្លួន ចេញពីពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងជួយជិះម៉ូតូដេញតាមពីក្រោយរថយន្តខាងលើ រហូតដល់សមត្ថកិច្ចមូលដ្ឋាន ធ្វើការស្ទាក់ចាប់បាន នៅត្រង់ចំណុចស្តុបDN តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ៦១ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងហៅជំនាញ ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង