ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល គឺជាមុខសញ្ញាចែកចាយគ្រឿងញឿនដ៏សកម្មប្រចាំក្រុងតាខ្មៅ

(កណ្តាល)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល គឺជាមុខសញ្ញាចែកចាយគ្រឿងញឿនដ៏សកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់យីហោឈ្មោះ បែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ទី២)ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣)ឈ្មោះ ហង់ ស្រីការ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកវត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់ ធំ-តូច ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ ថង់សម្រាប់វេចច្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿង ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង លុយចំនួន៤៩,០០០រៀល និងកាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន១។

លោកវរសេនីយ៍ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀននៃអធិការនគរបាលក្រុងតាខ្មៅបានប្រាប់ថា មុនពេលឃាត់ខ្លួន កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងតាខ្មៅ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌរហ័សនាម (ក្រុមស្រមោច) និងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅខាងលើ តាមបណ្តាយផ្លូវជាតិលេខ២។ ពេលមកដល់ចំណុចមុខសាលាប៊ែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះ នីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូច ក៏នាំយកមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីសួរនាំតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នីម ម៉ានិត បានឆ្លើយសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនដែលបានមកពីឈ្មោះ ទួត សុវណ្ណពិសិដ្ផ ដែលកំពុងស្នាក់នៅក្នុងបន្ទប់១១០ ផ្ទះសំណាក់ឈ្មោះ បែស ថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការពីម្ចាស់ផ្ទះសំណាក់ ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ឋ និងឈ្មោះហង់ ស្រីកា បញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផ បានសារភាពថាថ្នាំញៀននេះ ពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ដែលមិនស្គាល់ឈ្មោះនៅម្តុំក្តាន់ពីរ នៅក្រុងភ្នំពេញក្នុងតម្លៃ៥០០ដុល្លារ ដើម្បីយកមកលក់បន្ត។

ចំពោះជនសង្ស័យទាំងអស់ ព្រមទាំងវត្ថុតាង ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង