ករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវឆេះ និងខូចខាតទ្រព្យសម្បត្តិ

(ក្រចេះ)៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញនេះ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវឆេះ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅភូ​មិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលផែនអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១ឈ្មោះ ហុក វុទ្ធា ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ គឹម សេង។ ផ្ទះរបស់ជនរងគ្រោះមានទំហំ៧គុណ១២ ធ្វើអំពីឈើប្រក់ក្បឿងថ្មក្រោមឆេះអស់ទាំងស្រុង ខូចខាតសម្ភារទាំងអស់រួមមាន៖ មាស២០តម្លឹង ប្រាក់រៀលចំនួន២០លានរៀល ឆេះម៉ូតូអស់៦គ្រឿង និងសម្ភារផ្សេងៗទៀត សរុបជាទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លារ។ ចំណែកម្ចាស់ផ្ទះរងគ្រោះទី២ឈ្មោះ អ៊ុច សុភ័ក្រ ភេទស្រីអាយុ ៦៦ឆ្នាំ (ស្ត្រីមេម៉ាយ)។ ផ្ទះទំហំ ៧គុណ២០ ធ្វើអំពីឈើប្រក់ក្បឿងឆេះទាំងស្រុង និងម្ចាស់ផ្ទះរងគ្រោះទី៣ឈ្មោះ នង រ៉ាន់ ភេទប្រុស អាយុច៦៧ឆ្នាំ ឆេះអស់ជញ្ជាំងមួយចំហៀង។ ផ្ទះទំហំ ៨គុណ១៣ ផ្ទះធ្វើអំពីឈើប្រក់ក្បឿងខូចខាតអស់ប្រហែល៦ពាន់ដុល្លាឆេះឆ្លងពីផ្ទះទី២។ប្រភពបន្តឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកើតឡើង គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ពេលដែលម្ចាស់ផ្ទះមិននៅ (ទៅលក់ដូរនៅផ្សារ)។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តក្រចេះចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត និងរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋានស្រុកឆ្លូងចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកក្រូចឆ្មារចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២រថយន្ត រថយន្តស៊ីទែនជំនួយ១គ្រឿង សរុបប្រើទឹកអស់ចំនួន១៥រថយន្ត។ ករណីនេះ សមត្ថកិច្ចពន្លត់រយៈពេល២ម៉ោងទើបរលត់ទាំងស្រុង ប៉ុន្តែហេតុការណ៍នេះ ពុំបង្កឲ្យមានអ្នករបួស ឬស្លាប់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង