លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បាឲ្យដឹងថា៖
-សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19)។
– ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
-គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ប្រតិបត្តិការសុខាភិបាល ដែលក្រសួងបាននឹងកំពុងធ្វើនេះ មានការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក (US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀត។

ដោយផ្អែកលើលទ្ធផលខាលើនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងបំពេញកិច្ចការដោយសហការជាមយយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឱ្យអ្នកដំណើរដែលនៅសេសសល់ទាំងអស់ អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបដោយការងារ និងជីវិតប្រចាំថ្ងៃ នៅប្រទេសរបស់ពួកគេរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង